មូស្គូ ៖ មន្ត្រីរុស្ស៊ីនិយាយថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារតំបន់ភាគខាងលិចរបស់ប្រទេសខ្លួន ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ វិច្ឆិកា ២០២៤។
ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden តាមសេចក្តីរាយការណ៍ បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់ពួកវា ដើម្បីវាយប្រហារលើគោលដៅនានានៅក្នុងទឹកដីរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីប្រកាសថា មីស៊ីលចំនួន៦គ្រាប់បានបាញ់ចូលទៅក្នុងតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែនកាលពីថ្ងៃអង្គារ។ ក្នុងចំណោមមីស៊ីលទាំងអស់ មាន៥គ្រាប់ត្រូវបានបាញ់ទម្លាក់ ប៉ុន្តែមួយគ្រាប់ទៀតបានធ្លាក់ចំបរិវេណទីតាំងយោធា បណ្តាលឱ្យមានអគ្គីភ័យ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ភ្លើងបានរលត់ទៅវិញយ៉ាងឆាប់រហ័ស ហើយមិនមានអ្នករងរបួសនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា វាជាលើកទីមួយហើយ ដែលទីក្រុងកៀវបានប្រើមីស៊ីលអាមេរិក ATACMS វាយប្រហារចូលទៅក្នុង ប្រទេសរុស្ស៊ី។
សូមរម្លឹកថា កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ប្រសិនបើប្រទេសលោកខាងលិច អនុញ្ញាតឱ្យអ៊ុយក្រែន វាយលុកចូលទឹកដីរុស្ស៊ី ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ នោះមានន័យថា បណ្តាប្រទេសណាតូកំពុងប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់៕RT