ម៉ានីល៖ បញ្ហាប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត ទ្រព្យសម្បត្តិ និងជីវភាពរស់នៅរបស់ប្រជាជនហ្វីលីពីនរាប់លាននាក់ ហើយអាចនឹងរារាំងមហិច្ឆតារបស់ហ្វីលីពីន ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៤០ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី១០ វិចិ្ឆកា ២០២២។
អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Manuela Ferro បាននិយាយថា សកម្មភាពគោលនយោបាយ និងការវិនិយោគ ជាអាទិភាពចម្បងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធដ៏មានតម្លៃពីព្យុះទីហ្វុង ហើយក៏ដើម្បីធ្វើឱ្យវិស័យកសិកម្មមានភាពធន់នឹងអាកាសធាតុ តាមរយៈវិធានការឆ្លាតវៃ ដែលអាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុបានពីរភាគបី។
របាយការណ៍អាកាសធាតុ និងការអភិវឌ្ឍន៍របស់ប្រទេសហ្វីលីពីន ព្រមានថា ប្រទេសប្រជុំកោះងាយរងគ្រោះមួយនេះ នឹងការកើនឡើងកម្ពស់ទឹកសមុទ្រ ដោយជិតពាក់កណ្តាលនៃចំនួនប្រជាជន ១១០លាននាក់របស់ខ្លួន រស់នៅក្នុងតំបន់ទីក្រុង និងតំបន់ឆ្នេរ អាចនឹងរងផលប៉ះពាល់។
របាយការណ៍នេះបន្តថា វិបត្តិអាកាសធាតុ មិនថា ជាទម្រង់នៃព្រឹត្តិការណ៍អាកាសធាតុក្តៅខ្លាំង ឬនិន្នាការដទៃទៀត នឹងរារាំងដល់សកម្មភាពសេដ្ឋកិច្ច, បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យមានការរំខានដល់សង្គមយ៉ាងខ្លាំង។
របាយការណ៍នេះបានកត់សម្គាល់ទៀតថា ការខាតបង់ប្រចាំឆ្នាំដោយសារព្យុះទីហ្វុង ត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ចំនួន ១.២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសហ្វីលីពីន៕