អន្តរជាតិ៖ ក្រុមមន្ត្រីបាននិយាយថា មានមនុស្ស ជាង៦០នាក់បានស្លាប់ ក្នុងពេលដែលគ្រោះរញ្ជួយដីកម្រិត ៥.៦ រិចទ័របានវាយប្រហារតំបន់ដាច់ស្រយាល នៃប្រទេសនេប៉ាល់។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៤ វិច្ឆិកា ២០២៣។
ការរញ្ជួយដីនេះបានវាយប្រហារនៅតំបន់ភាគខាងលិច នៃប្រទេសដែលមានភ្នំហិម៉ាឡៃយ៉ាន មួយនេះ កាលពីល្ងាច ថ្ងៃសុក្រ ហើយត្រូវបានវាស់វែងដោយការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក នៅជម្រៅ១៨គីឡូម៉ែត្រ។
រដ្ឋាភិបាលប្រទេសនេប៉ាល់បានដាក់ពង្រាយកម្លាំងសន្តិសុខ ទៅជួយសង្គ្រោះជនរងគ្រោះ នៅកន្លែងកើតហេតុ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Bhattarai បាននិយាយថា មានការខូចខាត និងស្លាប់មនុស្ស នៅក្នុងស្រុកចំនួនពីរ ដោយសារការរញ្ជួយដី លើកនេះ។
នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លោក Pushpa Kamal បានសម្តែង ការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់អាយុជីវិតមនុស្ស ដែលបណ្តាលមកពីការរញ្ជួយដីនេះ។
គួររម្លឹកថា មនុស្សជិត ៩០០០ នាក់បានស្លាប់ នៅក្នុងឆ្នាំ ២០១៥ នៅពេលដែលការរញ្ជួយដីកម្រិត ៧.៨ រិចទ័របានវាយប្រហារប្រទេសនេប៉ាល់ ដោយបានបំផ្លាញផ្ទះ ជាងកន្លះលានខ្នង៕