ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តឱ្យរឹបអូសផ្ទៃ ប្រសិនបើអ្នកទាំងនោះ ធ្វើតាមការញុះញង់របស់ក្រុមប្រឆាំង។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ពីថ្ងៃម្សិលមិញសម្ដេចបានជួបម្ចាស់បុរីចំនួន ២ នាក់ ក្នុងនោះម្នាក់បានប្រាប់ថា មិនដែលមានការរឹបអូសទាល់តែសោះ ឯម្នាក់ទៀតប្រាប់ថា បានពន្យាពេលបង់ប្រាក់ពី ១០ ឆ្នាំដល់ ១៥ ឆ្នាំ ឬលើសពីនេះ។ ប៉ុន្តែករណីខ្លះ គេហៅដោះស្រាយមិនព្រមទៅដែលនេះជាបញ្ហាទ្វេទិស។ សម្ដេចតេជោ បញ្ជាក់ថា សម្ដេចលើកទឹកចិត្តឱ្យរឹបអូស ប្រសិនបើជឿតាមការញុះញង់របស់ក្រុមប្រឆាំង។

សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំលើកទឹកចិត្តឱ្យរឹបអូស ប្រសិនបើក្រុមទាំងនោះធ្វើតាមការញុះញង់របស់ក្រុមប្រឆាំង។ ព្រោះកាលពីពេលបោះឆ្នោតគេបានប្រកាសថា ឱ្យតែគេឈ្នះគេឱ្យលុបបំណុលចោលទាំងអស់ អញ្ចឹងទេ បើថាអ្នកនិយាយ ទៅរឹបអូសមុនគេតែម្ដងទៅ ឥឡូវអ្នកដែលទិញផ្ទះតាមបុរី បើដឹងថា អ្នកហ្នឹងជាក្រុមប្រឆាំងមិនចង់សងតាមការញុះញង់តាមការញុះញង់របស់មេបក្សប្រឆាំង រឹបអូសមុនគេទៅ កាត់ឱ្យដាច់ឫសគល់»។

បើតាម សម្ដេចតេជោ ហ៊ុន សែន ប្រសិនបើម្ចាស់បុរីដួលរលំ សេដ្ឋកិច្ចក៏ដួលរលំដូចគ្នា ឧទាហរណ៍ថា ប្រាក់ចំណូលរបស់យើងពីដើមមានលទ្ធភាពបង់ ៥០០ ដុល្លារ តែឥឡូវប្រាក់ចំណូលរបស់យើងធ្លាក់ យើងគ្រាន់តែកាត់បន្ថយថា កាលពីមុន ៥០០ បង់ ២០ ខែឥឡូវយើងសុំរៀបចំទៅ ២៥ ខែ តែបង់ ១ ខែតែ ៣០០ ដោយសារប្រាក់ចំណូលយើងធ្លាក់ចុះ ធ្វើដូច្នេះឈ្នះឈ្នះទាំងអស់គ្នា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ