បារាំង និងអាល្លឺម៉ង់ រួមគ្នាក្នុងគម្រោង MGCS ផលិតរថក្រោះប្រយុទ្ធជួរមុខជាមួយបច្ចេកវិទ្យាខ្ពស់
អន្តរជាតិ៖ ថ្មីៗនេះ ប្រទេសបារាំង និងអាល្លឺម៉ង់បានឈានទៅដល់ការសម្រេចចិត្តរួមគ្នាក្នុងកិច្ចសហការគ្នាអភិវឌ្ឍ និងផលិតនូវរថក្រោះថ្មីមួយប្រភេទដែលបំពាក់បច្ចេកវិទ្យាកាន់តែទំនើប ហើយអាចប្រតិបត្តិការជាមួយនឹងយន្តហោះដ្រូនព្រមទាំងមនុស្សយន្តរ៉ូបូតទៀតផង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១៩ កក្កដា ២០២៣។
កម្មវិធីថ្មីដែលមានឈ្មោះថា Main Ground Combat System (MGCS) បង្កើតឡើងដើម្បីឲ្យមានការផលិតរថក្រោះថ្មីដើម្បីមកជំនួសម៉ូដេលរថក្រោះដែលកំពុងប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួនទាំង២គឺ Leopard 2 របស់អាល្លឺម៉ង់ និង Leclerc របស់បារាំង ដោយធ្វើយ៉ាងណាឲ្យបានចប់រួចរាល់នៅចន្លោះឆ្នាំ២០៣៥ ឬឆ្នាំ២០៤០ខាងមុខ។
គួរបញ្ជាក់ថា Leopard 2 គឺជារថក្រោះប្រយុទ្ធសំខាន់របស់ប្រទេសអាល្លឺម៉ង់ជំនាន់ទី៣ ហើយវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Krauss-Maffei តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែរហូតដល់ឆ្នាំ១៩៧៩ ទើបរថក្រោះប្រភេទនេះអាចដាក់ឲ្យប្រតិបត្តិជាផ្លូវការក្នុងជំនួសរថក្រោះ Leopard 1 ។ ចំណែកឯរថក្រោះ Leclerc គឺជារថក្រោះប្រយុទ្ធដ៏សំខាន់របស់បារាំងជំនាន់ទី៣ដូចគ្នាផងដែរ៕