អូតាវ៉ា៖ ការផលិតប្លាស្ទិកប្រចាំឆ្នាំបានកើនឡើងទ្វេដងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដល់ ៤៦០លានតោន ហើយកំពុងស្ថិតនៅលើផ្លូវកើនឡើងរហូតដល់បីដងក្នុងរយៈពេល ៤ទសវត្សរ៍ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន AFP នៅថ្ងៃទី២៤ មេសា ២០២៤។

អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានឱ្យដឹងថា ប្លាស្ទិកចំនួន ៤៦០លានតោន ក្នុងនោះមានតែ ៩ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ ហើយការរួមចំណែករបស់វា គឺការធ្វើឱ្យកំដៅផែនដីអាចនឹងកើនឡើងទ្វេដងនៅឆ្នាំ២០៦០។

ឆ្លើយតបនឹងបញ្ហាធ្ងន់ធ្ងរនេះ អ្នកតំណាងមកពីប្រទេសចំនួន១៧៥ បានចាប់ផ្តើមកិច្ចពិភាក្សារួមគ្នា ស្តីអំពីសន្ធិសញ្ញាពិភពលោកដែលបានស្នើឡើងដើម្បីកាត់បន្ថយការបំពុលប្លាស្ទិក ដែលត្រូវបានរកឃើញនៅគ្រប់ទីកន្លែង ចាប់ពីកំពូលភ្នំរហូតដល់បាតមហាសមុទ្រ។

លោក Luis Valdivieso ប្រធានចរចានៅឯកិច្ចពិភាក្សាដឹកនាំដោយអង្គការសហប្រជាជាតិនៅទីក្រុងអូតាវ៉ា បាននិយាយថា ពិភពលោកកំពុងពឹងផ្អែកលើពួកយើងក្នុងការបង្កើតសន្ធិសញ្ញាថ្មីមួយ ដែលនឹងជំរុញសកម្មភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់អនាគតគ្មានការបំពុលប្លាស្ទិក។ រដ្ឋមន្ត្រីបរិស្ថានកាណាដា លោក Steven Guilbeault ថ្លែងថា គោលដៅនៃសន្ធិសញ្ញានេះ គឺស្វែងរកការគាំទ្រចាប់ពី ៦០ ទៅ ៧០ភាគរយ ពីក្រុមប្រតិភូទាំងអស់។

គួរបញ្ជាក់ថា ប្រជាជាតិនានាបានព្រមព្រៀងគ្នានៅឆ្នាំ២០២២ ដើម្បីបញ្ចប់សន្ធិសញ្ញាពិភពលោកដំបូងគេនេះនៅដំណាច់ឆ្នាំ២០២៤ ជាមួយនឹងវិធានការជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិកនៅជុំវិញពិភពលោក។ កិច្ចប្រជុំនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដានេះដែរ ត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ណាស់ មុនពេលឆ្ពោះទៅដល់ការចរចាជុំចុងក្រោយនៅកូរ៉េខាងត្បូងនាចុងឆ្នាំ២០២៤៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ