រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ពីភាពចាំបាច់ នៃការបន្តថែរក្សាសុខសន្តិភាព និងបម្រើសេវាជូនពលរដ្ឋប្រកបដោយភាពកក់ក្តៅ
កោះកុង ៖ ពីវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចការពារសុខសន្តិភាព ទន្ទឹមគ្នានឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមទស្សនៈ ធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
បើតាម លោកឧបនាយករដ្ឋមន្រ្តី រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មិនខុសគ្នាពីថ្នាក់ជាតិដែរ គឺមានបន្ទាត់គោលនយោបាយមួយដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយផ្តល់សារសំខាន់ចំពោះធនធានមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
ស្របតាមគោលនយោបាយនេះ លោកឧបនាយករដ្ឋមន្រ្តី បានរំលឹកពីភាពចាំបាច់នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលបានផ្ទេរសិទ្ធិអំណាច តួនាទី ភារកិច្ច និងមុខងារជាច្រើន ដើម្បីមានលទ្ធភាពកាន់តែច្រើនក្នុងការផ្តល់សេវាតាមតម្រូវការរបស់ពលរដ្ឋនៅមូលដ្ឋាន។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កិច្ចការដ៏មានសារៈសំខាន់នេះ ត្រូវការជាចាំបាច់នូវកាដឹកនាំប្រកបដោយគុណភាព និងការខិតខំអនុវត្តឱ្យបានសកម្ម ជាពិសេសការតាមដានត្រួតពិនិត្យ និងវាយតម្លៃនូវរាល់កិច្ចការ ដែលថ្នាក់ខេត្តទទួលខុសត្រូវទាំងចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល៕