ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល ប្ដេជ្ញាបន្ដអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា ឱ្យមានលក្ខណៈប្រមូលផ្ដុំដោយប្រសិទ្ធិភាព និងចីរភាព ហើយឈរលើស្មារតីមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ តាមរយៈកិច្ចអន្ដរាគមន៍របស់រាជរដ្ឋាភិបាល លើគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។

សម្ដេចធិបតី មានប្រសាសន៍ថា «គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណាឱ្យប្រទេសយើងមានបានកាន់តែរីកចម្រើន តាមរយៈការធ្វើឱ្យប្រជាពលរដ្ឋយើងមានភាពរីកចម្រើនកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់យើង»។

សម្ដេចធិបតី បន្ដថា ការដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ នេះ ដើម្បីបញ្ចប់សង្គ្រាមទទួលបានសន្ដិភាព និងការឯកភាពជាតិពេញលេញ គឺជាការបង្កើនបរិស្ថានចាំបាច់ ដែលអាចឱ្យកម្ពុជា អនុវត្តជោគជ័យនូវយុទ្ធសាស្ដ្រត្រីកោណ ឬយុទ្ធសាស្ដ្របញ្ចកោណ។ សម្ដេច គូសបញ្ជាក់ថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាង ៥០ភារយ នៃឆ្នាំ១៩៩៧ ចុះមកដល់ ១៧ភារយ នៃឆ្នាំនេះ ដែលកើនបន្ដិច ខណៈមុនកូវីដ-១៩ បានទាបជាងនេះបន្ដិច។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា ៧ភាគរយ តាំងពេលកម្ពុជាបានសុខភាពសន្ដិភាព រហូតដល់ កូវីដ-១៩ បានន័យថា «ជីវភាពប្រជាជនកម្ពុជា មានរីកចម្រើន»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ