កម្ពុជា-ព្រុយណេ រួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានឯកភាព ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម, និងការគាំទ្រអនុវត្តយន្តការ សន្ទនាទ្វេភាគី រវាងរដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរ ។
ក្នុងជំនួបសម្តែងការគួរសមជាមួយ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នារដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវការស្វាគមន៍ចំពោះជំនួបនេះ និង បានពាំនាំការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយជូនចំពោះ ព្រះចៅស៊ុលតង់ ផងដែរ។
សម្តេចធិបតី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងព្រុយណេ ជាពិសេស ក្នុងទិដ្ឋភាព នៃវិស័យការពារជាតិ ដែលសម្តេចធិបតី បានធ្វើទស្សនកិច្ចមកកាន់ព្រុយណេ កាលពីសម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក ។
ជាកិច្ចឆ្លើយតប ព្រះចៅស៊ុលតង់ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី និង បានរំលឹកអំពីមិត្តភាពដ៏ជិតស្និទ្ធរវាង ព្រះចៅស៊ុលតង់ និង សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
នៅក្នុងជំនួបនេះ សម្តេចធិបតីនិងព្រះចៅស៊ុលតង់ បានពិភាក្សាទៅលើទិសដៅ អនាគតនៃការបង្កើនកិច្ចសហប្រតិបត្តិការរ វាងកម្ពុជានិងព្រុយណេ ដែលផ្តោតជាពិសេសទៅលើវិស័យការពារជាតិ, សន្តិសុខ, អប់រំ និង បណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន នៃប្រទេសទាំងពីរ៕EB