ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសដែលគេប្រសិទ្ធនាមជាមហាយក្សតំបន់ និងពិភពលោកមួយនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
ក្រៅតែពីការបំពេញទស្សនកិច្ចជាផ្លូវការហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ ពីថ្ងៃទី១៦ ដល់១៧ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ីផងដែរ។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិននាពេល គឺចំពេលដែលកម្ពុជា និងចិន កំពុងប្រារព្ធខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពនៃប្រទេសទាំងពីរ។
ដូច្នេះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។ ដំណើរទស្សនកិច្ចនេះ ក៏នឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕EB