គៀវ៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានប្រកាសថា ប្រទេសលោកខាងលិច ត្រូវតែរៀបចំសម្រាប់សង្គ្រាមដ៏យូរនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី១៨ កញ្ញា ២០២៣។
បើទោះបីជាមានការអះអាងថាចង់បានសន្តិភាពរហ័ស នៅអ៊ុយក្រែនក៏ដោយ ក៏លោក Stoltenberg បានទទូចថា លោក នៅតែគាំទ្រគោលដៅរបស់ប្រធានាធិបតីលោក Vladimir Zelensky នៃជ័យជម្នះយោធាលើប្រទេសរុស្ស៊ី។
លោក Stoltenberg បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយ Funke របស់ប្រទេសអាល្លឺម៉ង់ថា សង្គ្រាមភាគច្រើនមានរយៈពេលយូរជាងការរំពឹងទុក។ ដូច្នេះហើយ យើងត្រូវតែរៀបចំខ្លួនយើងសម្រាប់សង្គ្រាមដ៏យូរនៅអ៊ុយក្រែន។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេល ២ ខែចុងក្រោយនេះ មន្ត្រីលោកខាងលិច និងអ្នករៀបចំផែនការយោធា ក៏បានទទួលស្គាល់ថា ការវាយលុកដែលកំពុងបន្តរបស់អ៊ុយក្រែន ប្រឆាំងនឹងកងកម្លាំងរុស្ស៊ីទំនងជាមិនជោគជ័យទេ ដោយទុកឱ្យជួរមុខភាគច្រើនមិនផ្លាស់ប្តូរនៅពេលដែលរដូវរងាចូលមកដល់៕