ឡុងដ៍៖ ការធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់ផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក បានក្លាយជារឿងឈឺក្បាលផ្នែកនយោបាយ សម្រាប់រដ្ឋាភិបាលអភិរក្សនិយមរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីសស៊ី ស៊ូណាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ មករា ២០២៤។
ជនចំណាកស្រុកជិត ៣០,០០០នាក់ ធ្វើដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់តាមទូកតូចៗ ឆ្លងកាត់ពីអឺរ៉ុបមកកាន់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៣ ខណៈតួលេខនេះជាការធ្លាក់ចុះប្រចាំឆ្នាំជាងមួយភាគបី។
ឆ្លើយតបនឹងស្ថិតិនេះ ការិយាល័យ Downing Street របស់នាយករដ្ឋមន្រ្តីអង់គ្លេស បានចង្អុលបង្ហាញពីការថយចុះចំនួន ៣៦ភាគរយ នៃការមកដល់ នៃក្រុមជនភៀសខ្លួនតាមទូកតូចៗកាលពីឆ្នាំ២០២២ ដែលមានដល់ទៅ ៤៥,០០០នាក់។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ បានប្តេជ្ញាកាលពីឆ្នាំមុនថា នឹងបញ្ឈប់ការធ្វើចំណាកស្រុកតាមទូក។
ប៉ុន្តែកាលពីខែមុន លោក ស៊ូណាក់ បាននិយាយថា មិនមានកាលបរិច្ឆេទច្បាស់លាស់ សម្រាប់បំពេញតាមការសន្យារបស់គាត់ទេ។ លោក ស៊ូណាក់ បានគូសបញ្ជាក់ថា ខ្ញុំប្តេជ្ញាបញ្ចប់បន្ទុកនៃការធ្វើចំណាកស្រុកខុសច្បាប់មកលើប្រជាជនអង់គ្លេស។
លោកបន្ថែមថា នោះហើយជាមូលហេតុ ដែលយើងចាត់វិធានការបញ្ឈប់ការធ្វើចំណាកស្រុកតាមទូក, ផ្តល់សណ្ឋាគារសម្រាប់ដាក់ជនចំណាកស្រុក ត្រឡប់ទៅសហគមន៍មូលដ្ឋានវិញ និងហាមឃាត់អ្នកដែលចង់មកអង់គ្លេសដោយខុសច្បាប់។
បើតាមការិយាល័យ Downing Street, អង់គ្លេសបាននិរទេសជនចំណាកស្រុកជាង ២៤,០០០នាក់ និងចាប់ខ្លួនមនុស្ស ២៤៦នាក់ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្សខុសច្បាប់នៅឆ្នាំ២០២៣៕