បាងកក៖ រដ្ឋបាលអាហារនិងឳសថថៃហៅកាត់ថា FDA កាលពីម្សិលមិញ បានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Moderna ចាក់ជូនក្រុមកុមារនិងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bangkok Post។
ក្រុមហ៊ុន ZP Therapeutics ទទួលបន្ទុកទិញវ៉ាក់សាំងបានឲ្យដឹងថា គម្លាតនៃការចាក់វ៉ាក់សាំងគឺដូចគ្នាទៅនឹងក្រុមមនុស្សពេញវ័យ ក្នុងនោះ រវាង២ដូស គម្លាត២៨ថ្ងៃ។ ប្រភពបន្តថា ការសម្រេចរបស់ FDA នេះគឺជាការសាទរ ដូច្នេះ ក្រុមវ័យនេះអាចមានអង់ទីគ័រការពារជំងឺកូវីដ១៩ ជាពិសេស ចំពេលមានជំងឺវីរុសបម្លែងខ្លួនថ្មី ឌែលតា។
យ៉ាងណាក៏ដោយ វ៉ាក់សាំង Moderna របស់អាមេរិកប្រភេទនេះ មិនទាន់មានវត្តមាននៅប្រទេសថៃនៅឡើយទេ ប៉ុន្តែបានបញ្ជាទិញរួចរាល់ហើយ លឺថា អាចមកដល់នៅត្រីមាសទី៤នៃឆ្នាំ២០២១ ឬ ចាប់ផ្តើមចាក់នៅដើមឆ្នាំ២០២២៕