វ៉ាស៊ីនតោន៖ អង់គ្លេស និងប៉ូឡូញប្រកាសថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ និងភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ ២០៣០ ក្នុងគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវគោលនយោបាយការបរទេស, សន្តិសុខ និងកិច្ចសហប្រតិបត្តិការការពារជាតិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ កក្កដា ២០២៣។

រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក ជែម ក្លេវើលី និង រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លឡេស រួមជាមួយរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក ម៉ារីអ៊ូស ប្លាសហ្សាក់ និងរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក ហ្សាប៊ីកនីវ រ៉ាវ បានយល់ស្របលើអាទិភាពរួមគ្នាទៅលើបញ្ហាមួយចំនួន រួមទាំងប្រទេសបេឡារុស និងចិនផងដែរ។ 

ក្រុមរដ្ឋមន្ត្រីបាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ ២០៣០ ថ្មី ដែលបានចុះហត្ថលេខានៅឯវិមាន Lancaster House នៅថ្ងៃពុធនេះ គឺផ្អែកលើសន្ធិសញ្ញារវាងអង់គ្លេស និងប៉ូឡូញឆ្នាំ ២០១៧ ដែលផ្តល់ក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តអង្គការណាតូទាំងពីរ។ នៅក្នុងកិច្ចប្រជុំមួយមុនពេលចុះហត្ថលេខា ក្រុមរដ្ឋមន្ត្រីក៏បានពិភាក្សាគ្នាផងដែរ អំពីការគាំទ្រដល់អ៊ុយក្រែន និងការការពារ និងសន្តិសុខនៅក្នុងតំបន់ Euro-Atlantic។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លឡេស បានគូសបញ្ជាក់ថា ក្នុងនាមជាដៃគូការពារជាប្រវត្តិសាស្ត្រ និងសម្ព័ន្ធមិត្តណាតូ ចក្រភពអង់គ្លេសបានឈរប្រកៀកស្មារជាមួយប៉ូឡូញ ដើម្បីការពារផ្នែកខាងកើតរបស់អង្គការណាតូ ហើយគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

បន្ថែមលើនេះ ភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ ២០៣០ នឹងជួយពង្រឹងការប្តេជ្ញាចិត្តរបស់ពួកយើង ក្នុងការអភិវឌ្ឍការដាក់ពង្រាយ និងការធ្វើសមយុទ្ធយោធាកាន់តែជិតស្និត ក៏ដូចជាផ្តល់នូវគម្រោងពង្រឹងសមត្ថភាពភ្លាមៗ និងរយៈពេលវែងផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ