អង្គការសហប្រជាជាតិ តួកគី និងអ៊ុយក្រែនបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ទោះបីរុស្ស៊ីដកខ្លួន
បរទេស៖ អង្គការសហប្រជាជាតិ(អ.ស.ប) តួកគី និងប្រទេសអ៊ុយក្រែន បានជំរុញទៅមុខលើការអនុវត្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ និងបានយល់ព្រមលើផែនការដឹកជញ្ជូនតាមនាវាចំនួន ១៦ សម្រាប់ថ្ងៃចន្ទទី ៣១ ខែតុលា បើទោះបីជារុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យនាំចេញផលិតផលកសិកម្មអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោកក៏ដោយ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣១ តុលា ២០២២។
រុស្ស៊ីដែលកំពុងឈ្លានពានអ៊ុយក្រែនបានបញ្ឈប់តួនាទីរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងសមុទ្រខ្មៅ ហើយកាត់បន្ថយការនាំចេញ ដោយអះអាងថា ខ្លួនមិនអាចធានាសុវត្ថិភាពនៃនាវាស៊ីវិល ដែលធ្វើដំណើរនៅក្រោមកិច្ចព្រមព្រៀង បន្ទាប់ពីកងនាវាសមុទ្រខ្មៅរបស់ខ្លួនរងការវាយប្រហារ។
ប្រទេសចូលរួមផ្សេងទៀតកំពុងជំរុញទៅមុខជាមួយនឹងកិច្ចព្រមព្រៀងនេះ បើទោះបីជារុស្ស៊ីបានដកខ្លួនចេញ ខណៈពេលដែលប្រទេសបារាំងបាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីជំរុញការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈផ្លូវគោកដោយភ្ជាប់ជាមួយរដ្ឋសហភាពអឺរ៉ុបផ្សេងទៀត។
ដោយឡែក អ៊ុយក្រែនគឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ហើយជម្លោះជាមួយរុស្ស៊ីបាននាំឱ្យមានការបិទកំពង់ផែសមុទ្ររបស់ខ្លួនក្នុងខែកុម្ភៈ ដោយជំរុញឱ្យតម្លៃស្បៀងអាហារកើនឡើង និងរួមចំណែកដល់ការកើនឡើងយ៉ាងខ្លាំងនៃភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក។
គួររម្លឹកផងដែរថា ពោត ស្រូវសាលី ផ្កាឈូករ័ត្ន និងសណ្តែកសៀង ក្នុងចំណោមគ្រាប់ធញ្ញជាតិផ្សេងទៀត ជាង ៩,៥ លានតោន ត្រូវបាននាំចេញតាមរយៈសមុទ្រខ្មៅ ចាប់តាំងពីកិច្ចព្រមព្រៀងសម្រេចឡើងក្នុងខែកក្កដា៕RT