ឡដុតសំរាមរបស់ក្រសួងបរិស្ថាន ចូលរួមដុតកម្ទេចសំណល់ពី មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលធ្វើចត្តាឡីស័ក
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ឡដុតសំណល់រឹងសំរាម ៥០ ដែលក្រសួងបានបំពាក់ទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក) បាននិងកំពុងចូលរួមដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ដែលជាជំនួយបន្ថែមលើឡដុតសំណល់វេជ្ជសាស្ត្រដែលមាន ស្រាប់នៅតាមមន្ទីរពេទ្យនិងតាមមណ្ឌលសុខភាពនានា នៅទូទាំងប្រទេសកម្ពុជា។
ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ឡដុតសំណល់រឹងសំរាមមួយកន្លែង ស្ថិតនៅភូមិដំណាក់ចង្អេីរ សង្កាត់ព្រៃធំ ក្រុងកែប នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជានាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងថា ការគ្រប់គ្រង និងវេចខ្ចប់សំណល់រឹងសំរាមពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងពីអ្នកជំងឺព្យាបាលតាមផ្ទះបានល្អប្រសើររួមនឹងការបាញ់អាល់កុលសម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោកបានបន្ដថា ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
លោកបានបន្ថែមថា ក្នុងមួយថ្ងៃកម្ពុជាបង្កើតសំរាមជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត ៤ លានតោនដែលក្នុងនោះសំណល់សរីរាងប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណជាង ២០% និងសំណល់រឹង/សំណល់គ្រោះថ្នាក់ប្រមាណជាង ១០%។
យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានទាំង ២៥ ខេត្តរាជធានី សំណល់រឹងសំរាមដែលបានបង្កើតឡើងនៅតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ ១០០ តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែ ចំនួននេះអាចមានការធ្លាក់ចុះដោយសារតែអាត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ៕