កងទ័ពអាមេរិកធ្វើដំណើរទៅដល់ទឹកដីប៉ូឡូញហើយ ដើម្បីការពារសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត ចំពេលរុស្ស៊ីដាក់ពង្រាយយោធានៅព្រំដែនអ៊ុយក្រែន
បរទេស៖ យន្តហោះដឹកកងទ័ពអាមេរិកបានទៅដល់ទឹកដីប៉ូឡូញហើយ នៅថ្ងៃអាទិត្យម្សិលមិញ ដែលនេះជាគោលដៅរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងកម្លាំងទ័ពសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុបខាងកើត ចំពេលរុស្ស៊ីដាក់ពង្រាយយោធានៅព្រំដែនអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ កុម្ភៈ ២០២២៕
យន្តហោះមួយគ្រឿងដឹកមេបញ្ជាការកងទពជើងអាកាសទី ៨២ លោក Christopher Donahue បានទៅដល់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅព្រលានយន្តហោះ Rzeszow-Jasionka និងយន្តហោះអាមេរិកពីរបីគ្រឿងទៀតដែលដឹកសម្ភារៈយោធា និងក្រុមនាំមុខមុន។ បើតាមគេហទំព័ររបស់កងទ័ពអាកាសអាមេរិកនោះ ភ្លាមៗនោះ គេនៅមិនច្បាស់ថាតើកម្លាំងទ័ពចំនួនប៉ុន្មាននាក់បានទៅដល់ ប៉ុន្តែយន្តហោះចម្បាំង C-17 អាចផ្ទុកកងទ័ពអាកាសបាន១០២នាក់ និងគ្រឿងសព្វាវុធ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធសប្តាហ៍មុនបានបញ្ជាអោយបញ្ជូនកម្លាំងកងទ័ពបន្ថែមជិត ៣ពាន់នាក់ទៅប៉ូឡូញ និងរ៉ូម៉ានី ខណៈដែលទីក្រុងវ៉ាស៊ីនតោនចាត់វិធានការដើម្បីធានាដល់សម្ព័ន្ធមិត្តកុំឲ្យមានភាពច្របូកច្របល់។ បើតាមមន្ទីរបញ្ចកោណ សមាជិកយោធាប្រមាណ១ពាន់៧រយនាក់ ដែលភាគច្រើនមកពីកងពលជើងអាកាសទី៨២ នឹងដាក់ពង្រាយពីបន្ទាយ Fort Bragg ភាគខាងជើងរដ្ឋខូរ៉ូលីណា ទៅកាន់ប៉ូឡូញ៕