រុស្ស៊ីចាប់ផ្តើមព្យុហយាត្រាទិវាជ័យជំនះក្នុងពេលមានសន្តិសុខតឹងតែងបន្ទាប់ពីការវាយប្រហារដោយយានដ្រូន
មូស្គូ ៖ ប្រទេសរុស្ស៊ី បានចាប់ផ្តើមព្យុហយាត្រាទិវាជ័យជំនះប្រចាំឆ្នាំ នៅលើទីលានក្រហម(Red Square) នៅថ្ងៃទី៩ ខែ ឧសភានេះ ក្នុងពេលមានការរឹតបន្តឹងសន្តិសុខដ៏តឹងរ៉ឹង បន្ទាប់ពីការវាយប្រហារដោយយាន ដ្រូនជាបន្តបន្ទាប់ រួមទាំងការវាយប្រហារទៅលើទីតាំងការពាររឹងមាំនៅវិមានក្រឹមឡាំង ដែលទីក្រុងមូស្កូ បានដាក់កំហុសទៅលើអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣។
ទិវាជ័យជំនះ គឺជាខួបដ៏មានសារៈសំខាន់សម្រាប់លោក Vladimir Putin ដែលតែងតែរំលឹកដល់ដួងព្រលឹង និងការលះបង់ ដែលបានជួយសហភាពសូវៀតផ្តួលរំលំ របបណាស៊ីអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៤៥ ដើម្បីបំផុសគំនិតស្នេហាជាតិរបស់រុស្ស៊ី។ ទោះជាយ៉ាងណា តំបន់ជាច្រើនរបស់រុស្ស៊ី បានកាត់បន្ថយព្រឹត្តិការណ៍ ដោយសារតែការេព្រួយបារម្ភអំពីការដាក់គោលដៅដោយក្រុមវិច្ឆេទករគាំទ្រអ៊ុយក្រែន។
ទីក្រុងមូស្គូ បានបង្ហាញបុគ្គលិកយោធា និងគ្រឿងយុទ្ធោបករណ៍រតិចជាងមុន ដែលទាក់ទងទៅនឹងការហាត់សមសម្រាប់ព្យុហយាត្រា។ សហភាពសូវៀត បានបាត់បង់ប្រជាជន២៧លាននាក់ក្នុងសង្គ្រាមលោកលើកទី២ ច្រើនជាងប្រទេសដ៏ទៃទៀត។
ទោះជាយ៉ាងណា ការព្រួយបារម្ភផ្នែកសន្តិសុខរបស់ពលរដ្ឋរុស្ស៊ី បានកើនឡើងកាលពីមួយសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដាក់គោលដៅលើឃ្លាំងស្តុកប្រេង និថងរថភ្លើងដឹកទំនិញ។ កាលពីថ្ងៃទី៨ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីការផ្ទុះជាច្រើនលើក នៅទូទាំងតំបន់គ្រីមៀគ្រប់គ្រងដោយ រុស្ស៊ី។
យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ២០០៨ ក្រោមរបបលោក Putin ខួបជ័យជំនះ បានក្លាយជាឱកាសដើម្បីរំលាយចោលរូបភាពរបស់ប្រទេសរុស្ស៊ីក្រោយរបបកុម្មុយនីស ដែលត្រូវស្តារឡើងវិញឲ្យឈានដល់ភាពអស្ចារ្យនៃឆ្នាំអតីតកាល៕