ព្រុចសែល៖ ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុប បានឈានដល់ការឯកភាពគ្នា លើផែនការមួយមានកញ្ចប់ថវិកាជាង ២ពាន់លានអឺរ៉ូ ឬស្មើនឹង២.១៤ពាន់លានដុល្លារ ដើម្បីបំពេញស្ដុកអាវុធរបស់ខ្លួន ឡើងវិញ ក៏ដូចជារួមគ្នាទិញគ្រាប់កាំភ្លើងធំសម្រាប់ផ្គត់ផ្គង់ឱ្យអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ មីនា ២០២៣។

ការឯកភាពគ្នាខាងលើរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃសហភាពអឺរ៉ុប ធ្វើឡើងកំឡុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងព្រុចសែល នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ក្រុមរដ្ឋមន្ត្រីទាំងនេះបាន គាំទ្រដល់គំនិតផ្ដួចផ្ដើមផ្គត់ផ្គង់គ្រាប់កាំភ្លើងធំចំនួន ១លានគ្រាប់ឱ្យអ៊ុយក្រែន ក្នុងរយៈពេល១២ខែខាងមុខ រួមទាំងការបំពេញស្ដុកអាវុធរបស់សហភាពអឺរ៉ុបឡើងវិញ។ 

ក្នុងនាមជាប្រធានដឹកនាំ កិច្ចប្រជុំនេះដែរ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានបង្ហាញការសាទរនូវអ្វីដែលលោកផ្ទាល់ចាត់ទុកថាជាការសម្រេចចិត្តមួយជាប្រវត្តិសាស្ត្រសម្រាប់ បណ្ដាប្រទេសទាំង២៧ ជាសមាជិកសហភាពអឺរ៉ុប និងប្រទេសន័រវែស។

ដោយឡែក នៅចំពោះមុខដំណាក់កាលដ៏សំខាន់នៃសង្រ្គាម អ៊ុយក្រែនបានប្រាប់សហភាពអឺរ៉ុបថាទាហានរបស់ខ្លួនត្រូវការប្រើគ្រាប់កាំភ្លើងធំ ៣៥០,០០០គ្រាប់ក្នុងមួយខែ ដើម្បីអាចវាយបកលើ ទាហានរុស្ស៉ី និងបើកប្រតិបត្តិការវាយលុកជាថ្មីនៅក្នុងឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធ និងឧបករណ៍ចំនួន 350 លានដុល្លារដល់អ៊ុយក្រែន រួមទាំងគ្រាប់រំសេវជាច្រើនប្រភេទ ដូចជាគ្រាប់រ៉ុក្កែត និងរថយន្តដឹកប្រេង៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ