BREAKING៖ ប្រធានាធិបតីរុស្ស៊ីលោកពូទីន ត្រូវដាក់ឲ្យនៅដាច់ដោយឡែក ក្រោយពីរកឃើញកូវីដឆ្លងថ្មីក្នុងក្រុមមន្ត្រីរបស់លោក
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីន នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេបន្ទាប់ពីករណីឆ្លងវីរុសកូរ៉ូណាថ្មីត្រូវបានរកឃើញនៅក្នុងក្រុមមន្ត្រីរបស់លោក ហើយដូច្នេះនឹងមិនធ្វើដំណើរទៅកាន់តាជីគីស្ថាននៅសប្តាហ៍នេះសម្រាប់កិច្ចប្រជុំសន្តិសុខតំបន់នោះទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន AFP នៅថ្ងៃទី១៤ កញ្ញា ២០២១៕
វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃនេះថាប្រធានាធិបតីរុស្ស៊ីលោកពូទីននឹងនៅដាច់ដោយឡែកពីគេចំពោះករណីឆ្លងវីរុសកូរ៉ូណាដែលបានរាយការណ៍នៅក្នុងក្រុមមន្រ្តីរបស់លោក ។
ទោះយ៉ាងណាមន្រ្តីដែលបានឆ្លងវីរុសនេះនៅតែមិនទាន់ច្បាស់។ វិមានក្រឹមឡាំងបានបន្ថែមថាលោកពូទីននឹងមិនចូលរួមកិច្ចប្រជុំកំពូលប្រចាំតំបន់ដោយផ្ទាល់នៅឌូសានបេដែលគ្រោងនឹងធ្វើនៅចុងសប្តាហ៍នេះទេ។
ដោយឡែក ប្រធានាធិបតីរុស្ស៊ីបានចាក់វ៉ាក់សាំងលើកទី ២ នៅខែមេសាឆ្នាំនេះបន្ទាប់ពីបានចាក់លើកដំបូងនៅថ្ងៃទី ២៣ ខែមីនា។
ប្រទេសរុស្ស៊ីកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគនេះដោយចំនួនករណីឆ្លងវីរុសកូវីដ ១៩ បានកើនឡើងដល់ជាង ៧ លាននាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
គួរបញ្ជាក់ថា ប្រទេសនេះបានរាយការណ៍ពីការឆ្លងមេរោគថ្មីចំនួន ១៨.៦៤៥ នាក់កាលពីចុងសប្តាហ៍មុនរួមជាមួយការស្លាប់ចំនួន ៧៩៣ នាក់។ យោងតាមទីភ្នាក់ងារគ្រប់គ្រងដោយរដ្ឋរុស្ស៊ី Rosstat មនុស្ស ៣៦៥.០០០ នាក់បានស្លាប់ដោយសារវីរុសនេះកាលពីខែមុន។RT