មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថានៅឯក្បួនព្យុហយាត្រាយោធាលើទីលានក្រហម ក្នុងទីក្រុងមូស្គូ ដើម្បីប្រារព្ធខួបលើកទី៧៨នៃជ័យជម្នះលើក្រុមណាស៊ីអាល្លឺម៉ង់ អំឡុងសង្គ្រាមលោកលើកទីពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣។

ក្នុងសុន្ទរកថានោះ លោក ពូទីន បានបញ្ជាក់ថា សង្រ្គាមមួយត្រូវបានធ្វើឡើង ប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែទីក្រុងមូស្គូនឹងដោះស្រាយវា។ លោកបានបន្ថែមថា “ថ្ងៃនេះ អរិយធម៌គឺជាចំណុចរបត់មួយ ហើយសង្រ្គាមពិតប្រាកដមួយ ត្រូវបានធ្វើឡើងប្រឆាំងនឹងមាតុភូមិរបស់យើង។ យ៉ាងណា យើងបានទប់ស្កាត់អំពើភេរវកម្មអន្តរជាតិ ហើយយើងនឹងការពារប្រជាជន Donbass ដោយធានាសុវត្ថិភាពរបស់យើង”។

លោកបន្តថា ទីក្រុងកៀវ បានក្លាយជាចំណាប់ខ្មាំង ចាប់តាំងពីរដ្ឋប្រហារ ហើយបានក្លាយជាកាក់នៅក្នុងដៃលោកខាងលិច។ លើសពីនេះ លោកពូទីនបានចង្អុលទៅប្រទេសមួយចំនួន ដែលលោកនិយាយថា ចង់បង្ហិនបង្ហោចមជ្ឈមណ្ឌលអធិបតេយ្យនៃការអភិវឌ្ឍ។ 

មិនត្រឹមតែប៉ុណ្ណេះ លោក ពូទីន បានចោទប្រកាន់ប្រទេសលោកខាងលិចថា បានបង្កជម្លោះ និងរដ្ឋប្រហារ ក៏ដូចជាបំផ្លាញតម្លៃប្រពៃណី ដើម្បីបន្តអនុវត្តច្បាប់របស់ខ្លួនផងដែរ។ លោកអះអាងថា “យើងជឿថា មនោគមវិជ្ជាណាមួយគឺគួរឲ្យស្អប់ខ្ពើម។ 

ទោះយ៉ាងណា ឥស្សរជនលោកខាងលិចនៅតែនិយាយអំពីភាពពិសេសរបស់ពួកគេ ធ្វើឲ្យមនុស្សប្រឆាំងគ្នាទៅវិញទៅមក និងបំបែកសង្គម។ ពួកគេបង្កឲ្យមានជម្លោះបង្ហូរឈាម និងចលាចល ហើយសាបព្រួសការស្អប់ខ្ពើម ក៏ដូចជាបញ្ឆេះឲ្យមានការស្អប់រុស្ស៊ីផងដែរ”៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ