ប៉េកាំង៖ ក្រសួងការបរទេសចិន បានបញ្ជាក់ថា ភាគីចិនបានទទួលពាក្យសុំទិដ្ឋាការពីមន្ត្រីសហរដ្ឋអាមេរិក ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ធ្នូ ២០២១។

សារព័ត៌មាន South China Morning Post បានរាយការណ៍ថា ថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់សំណើសុំទិដ្ឋាការសម្រាប់មន្ត្រីចំនួន ១៨នាក់របស់ខ្លួន ដែលភាគច្រើនមកពីក្រសួងការបរទេស និងមន្ទីរបញ្ចកោណ ដើម្បីចូលរួមការប្រកួតកីឡា និងផ្តល់ការគាំទ្រផ្នែកសន្តិសុខ និងផ្នែកវេជ្ជសាស្ត្រសម្រាប់អត្តពលិកអាមេរិក។

លោក Zhao Lijian អ្នកនាំពាក្យរបស់ក្រសួងចិនបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា "អ្វីដែលខ្ញុំអាចបញ្ជាក់បាននោះគឺថាភាគីចិនបានទទួលពាក្យសុំទិដ្ឋាការពីមន្ត្រីសហរដ្ឋអាមេរិកដែលពាក់ព័ន្ធ" ។ លោក Zhao បន្ថែមថា ប្រទេសចិននឹងដោះស្រាយរឿងនេះដោយអនុលោមតាមការអនុវត្តអន្តរជាតិ បទប្បញ្ញត្តិពាក់ព័ន្ធ និងគោលការណ៍គ្នាទៅវិញទៅមក។

ដោយឡែក ចំណាត់ការចុងក្រោយរបស់សហរដ្ឋអាមេរិកកើតឡើងបន្ទាប់ពីសេតវិមានបានប្រកាសកាលពីដើមខែនេះថា រដ្ឋបាលលោក Biden នឹងមិនបញ្ជូនអ្នកការទូត ឬតំណាងផ្លូវការទៅចូលរួមកីឡាអូឡាំពិករដូវរងា ដោយលើកឡើងពី "ការរំលោភសិទ្ធិមនុស្ស" នៅក្នុងប្រទេសចិន។

គួរបញ្ជាក់ថា លោក Zhao បានបន្ថែមថា "ជាថ្មីម្តងទៀតយើងជំរុញឱ្យភាគីសហរដ្ឋអាមេរិកអនុវត្តស្មារតីអូឡាំពិក បញ្ឈប់នយោបាយកីឡា និងបញ្ឈប់ពាក្យសំដី ឬទង្វើណាមួយដែលនឹងរំខានដល់កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង" ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ