ពាក្យចចាមរាមថ្មីថា លោក គីម ស្ថិតក្នុងអាការស្ដូកស្ដឹង ខណៈកូរ៉េខាងជើងត្រៀមផ្ទេរអំណាចឲ្យប្អូនស្រីរបសលោក គឺលោកស្រី គីម យ៉ូចុង
អ្នកការទូតកូរ៉េខាងត្បូងម្នាក់កំពុងប៉ាន់ប្រមាណថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្ថិតក្នុងអាការស្ដូកស្ដឹង ហើយប្អូនស្រីរបស់លោកគឺលោកស្រី គីម យ៉ូ ចុង ត្រៀមក្ដោបក្ដាប់អំណាចទាំងស្រុងនៅរដ្ឋដ៏ឯកាមួយនេះ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ New York Post បានឲ្យដឹងថា លោក ចាង សុងមីន ដែលជាអតីតជំនួយការរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក គីម ដេជុង បានអះអាងដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងថា លោក គីម ស្ថិតក្នុងអាការស្ដូកស្ដឹង ប៉ុន្តែជីវិតរបស់លោកមិនទាន់ចប់ទេ ព្រោះ រចនាសម្ព័ន្ធផ្ទេរអំណាចពេញលេញមិនត្រូវបានបង្កើតឡើងទេ ដូច្នេះលោកស្រី គីម យ៉ូជុង កំពុងត្រូវបានគេចាត់ទុកជាអ្នកស្នងតំណែងជួរមុខ ខណៈដែលតំណែងមេដឹកនាំទំនេរមិនអាចរក្សាទុករយៈពេលយូរទៀតបាន។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលមានពត៌មានចចាមរាមពីបញ្ហាសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ ដោយកាលពីពេលកន្លងទៅ មានការផ្សព្វផ្សាយថាលោក មានឈឺធ្ងន់ធ្ងរអាច “ស្លាប់ខួរក្បាល” ជាដើម ប៉ុន្តែចុងក្រោយមេដឹកនាំវ័យ៣៦ឆ្នាំរូបនេះ បង្ហាញខ្លួនក្នុងកិច្ចប្រជុំសមយុទ្ធយោធា ធម្មតា មិនមានអ្វីកើតឡើងនោះឡើយ ៕sp