ចក្រភពអង់គ្លេសបិទខ្ទប់ការហោះហើរពីប្រទេសអាហ្រ្វិកខាងត្បូង ព្រោះរកឃើញវីរុសបំប្លែងប្រភេទ B.1.1.529
បរទេស៖ វីរុសកូវីដ-១៩បំប្លែងថ្មី ដែលមានសមត្ថភាពខ្លាំងបំផុតត្រូវបានរកឃើញ ហើយអ្នកវិទ្យាសាស្ត្រម្នាក់ព្រមានថា នោះជាករណី «គួរឱ្យរន្ធត់» ខណៈអ្នកវិទ្យាសាស្ត្រផ្សេងទៀតថា វីរុសបំប្លែងថ្មីនេះ គឺជាការប្រែប្រួលដ៏អាក្រក់បំផុតដែលពួកគេបានឃើញ។ប្រហែល 50 ករណីដែលបានបញ្ជាក់ត្រូវបានកំណត់អត្តសញ្ញាណនៅអាហ្វ្រិកខាងត្បូង ហុងកុង និងបូតស្វាណា។នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មាន BBC នៅថ្ងៃទី២៦ វិចិ្ឆកា ២០២១៕
វីរុសបំប្លែងថ្មីនេះផងដែរ បានប្រមូលផ្តុំភាគច្រើននៅខេត្តមួយក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដោយមានតម្រុយថា វាអាចនឹងរាលដាលការឆ្លងបន្ថែមទៀត។ ភ្លាមៗនោះមានសំណួរជាច្រើនជុំវិញការរីករាលដាលថាតើវាអាចម្លងបានលឿនកម្រិតណា ហើយតើសមត្ថភាពរបស់វាអាចនឹងយកឈ្នះវ៉ាក់សាំងដែរឬទេ។ ជាការឆ្លើយតប មានការប៉ាន់ស្មានជាច្រើនបានលើកឡើង ប៉ុន្តែចម្លើយច្បាស់លាស់គឺមានតិចតួចណាស់។
វីរុសបំប្លែងទម្រង់ថ្មីនេះ ត្រូវបានអង្គការសុខភាពពិភពលោកហៅថា «B.1.1.529» ហើយទំនងជាត្រូវបានផ្តល់ឈ្មោះតាមភាសាក្រិក (ដូចជា «វីរុសទម្រង់អាល់ហ្វា» និង «ទម្រង់ដែលតា» ដែរ)។
គួរបញ្ជាក់ដែរថា រីរុស «B.1.1.529» អាចផ្លាស់ប្តូរបានយ៉ាងខ្លាំង និងមិនគួរឱ្យជឿ។ សាស្ត្រាចារ្យ Tulio de Oliveira នាយកមជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺរាតត្បាត និងការច្នៃប្រឌិតនៅអាហ្រ្វិកខាងត្បូងបាននិយាយថា «វាមានការផ្លាស់ប្តូរមិនធម្មតា» ហើយវា «ខុសគ្នាខ្លាំង» ទៅនឹងវីរុសបំប្លែងផ្សេងទៀតដែលបានរកឃើញកន្លងមក។ លោកបន្តថា «វីរុសបំប្លែងប្រភេទនេះ ពិតជាធ្វើឱ្យពួកយើងភ្ញាក់ផ្អើលខ្លាំងណាស់ ការវិវត្តន៍របស់វាឆាប់រហ័ស និង មានការផ្លាស់ប្តូរជាច្រើនទៀតដែលយើងអាចរំពឹងទុក»។
ស្របពេលគ្នានេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ សាស្ត្រាចារ្យ de Oliveira បានលើកឡើងពីការផ្លាស់ប្តូរសរុបចំនួន ៥០ និងច្រើនជាង ៣០ នៅលើប្រូតេអ៊ីនដែលជាគោលដៅ និងគន្លឹះដែលមេរោគប្រើ ដើម្បីវាយលុកក្នុងកោសិកានៃរាងកាយរបស់យើង។
លើសពីនេះទៅទៀត វាមានសមត្ថភាពបញ្ចូលមេរោគទៅអ្នកទទួល (នោះគឺជាផ្នែកនៃមេរោគដែលបង្កើតទំនាក់ទំនងដំបូងជាមួយកោសិកានៃរាងកាយរបស់យើង) ដោយមានការផ្លាស់ប្តូរចំនួន ១០ ដងបើប្រៀបធៀបទៅនឹង ២ដង នៃវីរុសបំប្លែងទម្រង់ «ដែលតា» ដែលបានសាយភាយពេសពេញពិភពលោក។ កម្រិតនៃការប្រែប្រួលនេះទំនងជាកើតចេញពីអ្នកជំងឺតែម្នាក់ដែលមិនអាចកម្ចាត់មេរោគបាន។
ទោះជាយ៉ាងណាក្តី ការព្រួយបារម្ភពេលនេះ គឺមេរោគនេះពិតជាខុសប្លែកខ្លាំងពីវីរុសដើមដែលចាប់ផ្តើមក្នុងទីក្រុង វ៉ូហាន ប្រទេសចិន។ នោះមានន័យថា វ៉ាក់សាំងដែលត្រូវបានបង្កើត ដើម្បីប្រឆាំងនឹងវីរុសប្រភេទដើម ប្រហែលជាមិនមានប្រសិទ្ធភាពដូចគ្នានោះទេ។ ហើយការផ្លាស់ប្តូរមួយចំនួនត្រូវបានគេមើលឃើញពីមុននៅក្នុងវីរុសបំប្លែងផ្សេងទៀត ដែលផ្តល់ការយល់ដឹងខ្លះៗអំពីតួនាទីរបស់ពួកគេនៅក្នុងវីរុសបំប្លែងថ្មីនេះ៕RT