អង្គការអន្តរជាតិ ស្រង់គោហ្វីនី ៖ សេដ្ឋកិច្ចកម្ពុជា មានការទាក់ទាញ អាចជាគំរូនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម សម្រាប់ប្រទេសនិយាយភាសាបារាំង
ភ្នំពេញ ៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិ ស្រង់គោហ្វីនី បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា គឺមានការទាក់ទាញយ៉ាងខ្លាំង អាចជាគំរូ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មសម្រាប់ប្រទេសនិយាយភាសាបារាំង។
នាឱកាសពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានថ្លែងថា «សេដ្ឋកិច្ចកម្ពុជា គឺមានការទាក់ទាញយ៉ាងខ្លាំង ដែលអាចជាគំរូនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មសម្រាប់ប្រទេសនិយាយភាសាបារាំង»។
លោកស្រី បានលើកឡើងថា ក្នុងជំនួបរវាងអ្នកវិនិយោគមកពី ២៤ប្រទេសជាមួយនឹងអ្នកវិនិយោគកម្ពុជាកន្លងទៅនេះ លោកស្រី បានជម្រាបជូន សម្តេចតេជោ ថា ជំនួបនោះគឺបានទទួលលទ្ធផលល្អប្រសើរណាស់ ដែលមានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានការចុះហត្ថលេខាលើអនុស្សារណៈដើម្បីបន្តកិច្ចសហប្រតិបត្តិការផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចស្នូល នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង និងតំបន់ ដែលប្រទេសយើង និងតំបន់មានសក្តានុពល គ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ»។
សម្ដេចតេជោ បន្ដថា គប្បីណារួមគ្នាបង្កើតជាឱកាស ដើម្បីចាប់យកសក្តានុពលទាំងឡាយណាដែលមាន មិនត្រឹមតែដើម្បីពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់ទាំងពីរប៉ុណ្ណោះនោះទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថា ទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិការយោគ នឹងនាំទៅដល់ភាពជិតស្និទ្ធផ្នែកនយោបាយ៕EB