សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរួមគ្នាដាក់ទណ្ឌកម្មបន្ថែមលើមីយ៉ាន់ម៉ា ចំឱកាសខួប ១ឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធា
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា បានប្រកាសដាក់ទណ្ឌកម្មថ្មីៗប្រឆាំងនឹងមន្ត្រីមីយ៉ាន់ម៉ា ចំឱកាសខួប ១ឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលលោកស្រី អោងសាន ស៊ូជី ចេញពីអំណាចដែលបានធ្វើឲ្យប្រទេសអាស៊ានមួយនេះ ធ្លាក់ចូលក្នុងភាពចលាចល គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១មក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០១ កុម្ភៈ ២០២២៕
ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែនបាននិយាយថា ការរួមគ្នាបញ្ចេញសកម្មភាពពេលនេះ គឺជាការបង្ហាញអំពីការគាំទ្ររបស់អន្តរជាតិសម្រាប់ប្រជាជនមីយ៉ាន់ម៉ា ព្រមទាំងជាការជំរុញបន្ថែមទៀតអោយមានការទទួលខុសត្រូវចំពោះរដ្ឋប្រហារ និងអំពើហិង្សា ដែលបានផ្តាច់ជីវិតមនុស្សជិត ១ពាន់៥រយនាក់ និងមនុស្ស ១ម៉ឺននាក់ទៀត ត្រូវបានចាប់ឃុំឃាំងដោយយោធា។
គួរបញ្ជាក់ថា វិធានការរួមគ្នារបស់ប្រទេសទាំងបី គឺមានគោលដៅទៅលើមន្ត្រីយុត្តិធម៌នៅមីយ៉ាន់ម៉ា ដែលកំពុងដំណើរការកាត់ក្តី លោកស្រី អោង សាន ស៊ូ ជី និងអតីតមន្ត្រីរដ្ឋាភិបាលមុនមួយចំនួនទៀត។ ចំនែកឯមេដឹកនាំមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺលោក មីន អោង ឡាំង និងសមាជិកនៃរដ្ឋាភិបាលយោធាមួយចំនួនទៀត សុទ្ធតែបានទទួលរងការដាក់ទណ្ឌកម្មពីបណ្តាប្រទេសទាំងនេះរួចទៅហើយ៕