សហរដ្ឋអាមេរិកអំពាវនាវឱ្យអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ឆ្លើយតបនឹងការបាញ់ផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង
អន្តរជាតិ៖ អ្នកនាំពាក្យបេសកកម្មអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ។បើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០២ មិថុនា ឆ្នាំ២០២៣។
អ្នកនាំពាក្យបេសកកម្មអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Nate Evans បាននិយាយថា សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានកិច្ចប្រជុំបើកចំហមួយ ស្តីពីការបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើង។ ចំណែកអ្នកការទូតអង្គការសហប្រជាជាតិម្នាក់ទៀតក៏បានបញ្ជាក់ដែរថា ការអំពាវនាវនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយប្រទេសអាល់បានី អេក្វាឌ័រ បារាំង ជប៉ុន ម៉ាល់តា និងអង់គ្លេស។
គួររម្លឹកផងដែរថា ការបាញ់បង្ហោះផ្កាយរណបនៅថ្ងៃពុធសប្តាហ៍នេះ គឺជាការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីបញ្ជូនផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនទៅកាន់ទីអវកាស ប៉ុន្តែវាបានបញ្ចប់ដោយការបរាជ័យ ដោយវាបានធ្លាក់ចូលទៅក្នុងសមុទ្រ៕