សម្ដេច ស ខេង លេីកទឹកចិត្តក្រុមការងារគណបក្សគ្រប់ថ្នាក់ ចូលរួមអនុវត្តការងាររបស់ខ្លួនបន្ថែមទៀត ដេីម្បីដណេី្ដមជោគជ័យសម្រាប់ការបោះឆ្នោតខាងមុខ
បាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានលេីកទឹកចិត្តដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ចូលរួមអនុវត្តការងារដែលបានដាក់ចេញឱ្យសកម្មព្រមៗគ្នា ដើម្បីគណបក្សបន្តដណ្ដើមបានជោគជ័យសម្រាប់ការបោះឆ្នោត នាពេលខាងមុខនេះ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ប្រារព្ធនៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានណែនាំ លោក លោកស្រី ជាសមាជិកអង្គប្រជុំនៅថ្ងៃនេះ បន្តយកខ្លឹមសារសំខាន់ៗ នៃសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងពីកិច្ចប្រជុំនៅថ្ងៃនេះ ផ្សព្វផ្សាយជូនសមាជិក សមាជិការ និងអ្នកគាំទ្រគណបក្សនៅតាមមូលដ្ឋានឱ្យបានជ្រាបគ្រប់ៗគ្នា។
សម្ដេច មានប្រសាសន៍ថា ក្រោយការបោះឆ្នោតឆ្នាំ២០២៣ គណបក្សនឹងប្រែក្លាយឯកសារដែលបានសម្រេចចិត្តក្នុងមហាសន្និបាតវិសាមញ្ញ រៀបចំជាកម្មវិធីនយោបាយសម្រាប់អាណត្តិទី៧ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។ សម្ដេចសង្កត់ធ្ងន់ថា ដើម្បីឱ្យគណបក្សអាចយកសេចក្ដីសម្រេចចិត្ត ទៅអនុវត្តជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីបាន ទាមទារកត្តាសំខាន់តែមួយគាត់ គឺបន្តឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នាខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់អំពីការវាយតម្លៃសភាពការណ៍អន្តរជាតិ តំបន់ និងក្នុងប្រទេស គោលនយោបាយរបស់គណបក្ស ពាក់ព័ន្ធនឹងសភាពការណ៍ផ្ទៃក្នុងប្រទេស និងទិសដៅការងារសំខាន់ៗសម្រាប់ខេត្តបាត់ដំបង។
សម្ដេចក៏បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ផ្ដល់ការគាំទ្រ និងការចូលរួមអនុវត្តការងារដែលបានដាក់ចេញឱ្យសកម្មព្រមៗគ្នា ដើម្បីគណបក្សបន្តដណ្ដើមបានជោគជ័យសម្រាប់ការបោះឆ្នោតខាងមុខនេះ៕EB