អន្តរជាតិ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន ទៅកាន់បណ្ដាប្រទេសបស្ចិមលោក នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុងកៀវ រំពឹង ថា នឹងទទួលបានយន្ដហោះចម្បាំងដ៏ទំនើប ផលិតដោយសហរដ្ឋអាមេរិក ពីប្រទេសជាដៃគូ នៅលោកខាងលិច ហើយមេដឹកនាំនៅតំបន់អឺរ៉ុបជាច្រើនកំពុងតែពិភាក្សាគ្នា អំពីបញ្ហាយន្ដហោះនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៣។

លោករីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស និង លោក ម៉ាក រូតតេ (Mark Rutte) នាយករដ្ឋមន្រ្ដីហូល្លង់ដ៍ បានព្រមព្រៀងគ្នា បង្កើតសម្ពន្ធភាពចម្រុះអន្ដរជាតិមួយ សម្រាប់ផ្ដល់យន្ដហោះចម្បាំង ប្រភេទ F-16 ផលិតនៅសហរដ្ឋអាមេរិក ជាច្រើនគ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន។ 

សមាជិកភាគច្រើនរបស់អង្គការណាតូ នៅតំបន់អឺរ៉ុប នៅតែរក្សាជាចំហ អំពីលទ្ធភាពបញ្ជូនយន្ដហោះចម្បាំងរបស់ពួកគេ ប្រភេទ F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ថ្វីបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានថ្លែង កាលពីខែមករា ថា សហរដ្ឋអាមេរិក នឹងមិនធ្វើដូច្នេះក្ដី។

ការអះអាងរបស់មេដឹកនាំរបស់ប្រទេសមហាអំណាចទាំងនេះ បានកើតឡើង ស្របពេលលោកប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប រួមមាន ហូល្លង់ដ៍ បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស កាលពីប៉ុន្មានថ្ងៃមុនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ