នាយឧត្តមសេនីយ៍ នេត សាវឿនបញ្ជាឱ្យស្នងការនគរបាលខេត្តតាកែវ បើកការស្រាវជ្រាវជាបន្ទាន់ ករណីប៉ូលីសចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៣ ផាកពិន័យ និងប្រើប្រាស់ហិង្សាលើបុរសជនជាតិចិន
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក ថាលោកបានបញ្ជាឲ្យស្នងការនគរបាលខេត្តតាកែវ បើកការស្រាវជ្រាវ និងស៊ើបអង្កេតជាបន្ទាន់ ករណីមន្ដ្រីនគរបាលចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលផាកពិន័យជនជាតិចិន ហើយផ្ទុះការរិះគន់ពេញបណ្ដាញសង្គម។
លោកបានអះអាងថា បទបញ្ជានៃការស្រាវជ្រាវនេះ គឺត្រូវធ្វើឡើងព្រមគ្នាតែម្ដង ទាំងមន្ដ្រីការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសាមីខ្លួនជនជាតិចិន ដែលបានបង្ហោះខ្លឹមសារនៅលើបណ្ដាញសង្គម ដើម្បីធ្វើឲ្យមានតម្លាភាព និងស្មើភាពគ្នារវាងភាគីទាំងពីរ។
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ថា ការស្រាវជ្រាវនេះ ត្រូវធ្វើឡើងពីរព្រមគ្នាតែម្ដង ដោយក្នុងនោះ ទី១៖ ការអនុវត្តតួនាទីភារកិច្ច អាប្បកិរិយា ពាក្យសម្ដីរបស់មន្ដ្រីនគរបាលចរាចរណ៍ ហើយបើឃើញមានកំហុស នឹងដាក់ពិន័យរដ្ឋបាល វិន័យកងកម្លាំងនគរបាលជាតិ, ទី២៖ បុគ្គលជនជាតិចិន ដែលបង្ហោះសារតាមបណ្ដាញសង្គម ក្រោយមានការលើកឡើងថា បានប្រើប្រាស់ពាក្យសម្ដី កាយវិការច្រងេងច្រងាក និងបើកបរលើសល្បឿនកំណត់រហូតដល់ជាង១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមបញ្ជាក់ថា ករណីនេះ គឺផ្ដើមចេញពីជនជាតិចិនម្នាក់ បានបង្ហោះសាររិះគន់យ៉ាងចាស់ដៃលើមន្ដ្រីនគរបាលចរាចរណ៍ នៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៦៨ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ (គីឡូម៉ែត្រលេខ៦៨) ដែលមុនដំបូងផាកពិន័យរហូតដល់១០០ដុល្លារ ដោយចោទប្រកាន់ថា បើករលើសល្បឿនកំណត់ ទាំងដែលរូបគេអះអាងថាមិនបានបើកបរខុសច្បាប់ និងឈានដល់ការប្រើប្រាស់អំពើហិង្សាបណ្ដាល ឲ្យបុរសចិនរូបនេះមានរបួសស្នាមថែមទៀតផង។
វិនិយោគិនចិនរូបនេះ បានបង្ហាញនូវក្ដីឈឺចាប់តាមរយៈសំណេរដែលបង្ហោះនៅលើ Facebook របស់ខ្លួនឈ្មោះ 崔健 (CUI JIAN) ថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣តាមរយៈសំណេរជនរងគ្រោះបានរង ការចោទប្រកាន់ថារូបគេបើកបរលើសល្បឿនកំណត់នេះមិនសមហេតុផលឡើយ ព្រោះរូបគេបើកបររថយន្ដធុនធំ ហើយក៏មិនអាចបើកលឿនពេកនោះដែរ។ ជនជាតិចិនរូបនេះ គិតថា ការផាកពិន័យនេះ ទំនងដោយសារឃើញរូបគេជាជនជាតិបរទេស (ចិន) ហើយគ្រាន់តែផាកដើម្បីយកលុយដាក់ហោប៉ៅខ្លួនឯងប៉ុណ្ណោះ។
ម្ចាស់គណនី ដដែលបានបន្ថែមថា ក្នុងហេតុការណ៍នោះ ក៏មានការប្រកែកតវ៉ា និងឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយមានមន្ដ្រីនគរបាល៥នាក់ ឆក់យកទូរស័ព្ទរបស់ខ្លួន និងវាយដំលើរូបខ្លួន បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង (រូបភាពមានបង្ហាញ)។បន្ទាប់ពីឆក់យកទូរស័ព្ទរបស់ជនជាតិចិនហើយនោះ មន្ដ្រីនគរបាលទាំងអស់នោះ បានលុបរូបភាពទាំងអស់នោះចេញ ដើម្បីបំបាត់ភ័ស្ដុតាង។ ក្រោយមកមន្ដ្រី នគរបាលចរាចរណ៍ទាំងនោះ បានបង្ខំរូបគេបង់ប្រាក់ផាកពិន័យ៥០ដុល្លារ ដោយមិនចេញវិក្កិយបត្រឡើយ៕