អន្តរជាតិ៖ រដ្ឋបាលរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសដកប្រទេសចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធរបស់អឺរ៉ុប (CFE) ដែលជាកិច្ចព្រមព្រៀងកម្រិតលើការដាក់ពង្រាយឧបករណ៍យោធាជាមួយអង្គការណាតូ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៣។
លោក ពូទីន កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដើម្បីដកប្រទេសរុស្ស៊ីចេញពីសន្ធិសញ្ញាមួយនេះ បន្ទាប់ពីត្រូវបានអនុម័តដោយសភាទាំងពីររួចមក ខណៈកន្លងមករដ្ឋាភិបាលរុស្ស៊ីក៏បានប្រកាសពីចេតនាដកប្រទេសចេញពីសន្និសញ្ញា CFE នៅដើមខែនេះផងដែរ ។
សន្ធិសញ្ញាដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៩០ ដោយអង្គការណាតូ និងសន្ធិសញ្ញាទីក្រុង Warsaw កំណត់ចំនួនអាវុធដែលគូប្រជែងសង្រ្គាមត្រជាក់អាចមាន ដើម្បីរក្សាតុល្យភាពអំណាចរវាងពួកគេ ។ ក្រោយមករុស្ស៊ីបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ១៩៩៩ ប៉ុន្តែបានផ្អាកការអនុវត្តវិញនៅឆ្នាំ ២០០៧ ចំពេលមានជម្លោះជាមួយអង្គការណាតូ ។
ចំណាត់ការចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់រដ្ឋបាលលោក ពូទីន ដើម្បីដាក់សម្ពាធបន្ថែមលើបណ្តាប្រទេសលោកខាងលិច ដែលកំពុងបង្កើនការគាំទ្រផ្នែកយោធារបស់ពួកគេសម្រាប់អ៊ុយក្រែន ។
ស្របពេលជាមួយគ្នានោះ រុស្ស៊ីបានប្រកាសកាលពីខែកុម្ភៈថា រដ្ឋាភិបាលទីក្រុងមូស្គូក៏នឹងផ្អាកសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកផងដែរ៕