ប្រធានាធិបតីអាមេរិក ចង់ធ្វើដំណើរទៅកាន់រដ្ឋហាវ៉ៃ ក្រោយភ្លើងឆេះព្រៃសម្លាប់មនុស្សកើនឡើងជិត ១០០នាក់
ហាវ៉ៃ៖ ចំនួនអ្នកស្លាប់នៅរដ្ឋហាវ៉ៃ ដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្សចុងក្រោយនេះ បានកើនឡើង ៩៣នាក់ ដែលជំរុញឱ្យមានការរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ មិថុនា ២០២៣។
នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន ថាតើលោកនឹងធ្វើដំណើរទៅកាន់រដ្ឋហាវ៉ៃ ដែលត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃដែរឬទេ? ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកំពុងជិះកង់បានស្រែកប្រាប់ថា យើងកំពុងពិចារណាលើរឿងនេះ។
ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅកោះ Maui រដ្ឋហាវ៉ៃបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយអណ្តាតភ្លើងរបស់វាបានលេបត្របាក់ស្ទើរទាំងស្រុងលើទីក្រុងប្រវត្តិសាស្រ្ត Lahaina ដែលជាទីកន្លែងដ៏ពេញនិយមមួយប្រចាំរដ្ឋហាវ៉ៃ សម្រាប់ភ្ញៀវទេសចរ។
មន្រ្តីបានប៉ាន់ប្រមាណថា ថ្លៃចំណាយសម្រាប់ការកសាងទីក្រុងនេះឡើងវិញ គឺខ្ទង់៥.៥ពាន់លានដុល្លារ ដោយសំណង់ច្រើនជាង២,២០០ខ្នងបានរងការខូចខាត ឬបំផ្លាញទាំងស្រុង ហើយផ្ទៃដីជាង៨៥០ហិកតាត្រូវបានឆាបឆេះ និងមនុស្សរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង។
យ៉ាងណាមិញ ភ្លើងឆេះព្រៃនៅកោះ Maui បានក្លាយជាភ្លើងឆេះព្រៃដែលឆក់យកជីវិតមនុស្សច្រើនជាងគេបង្អស់នៅសហរដ្ឋអាមេរិក គិតចាប់តាំងតែពីឆ្នាំ១៩១៨មក នៅពេលភ្លើងឆេះព្រៃ Cloquet បានសម្លាប់មនុស្សសរុបរហូតដល់៤៥៣នាក់ ក្នុងរដ្ឋ Minnesota និងរដ្ឋ Wisconsin៕