អង់ការ៉ា៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី នេះបើតាមការបញ្ជាក់ពីការិយាល័យរបស់ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ ប៉ុន្តែមិនបានបញ្ចេញពីកាលបរិច្ឆេទជាក់លាក់នោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៣ មិថុនា ២០២៣។

ការិយាយល័យប្រធានាធិបតីតួកគីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីតួកគី លោក តាយយីប អឺដូហ្កាន់ បានសន្ទនាគ្នាតាមទូរស័ព្ទ ហើយបានឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់ប្រទេសតួកគីនាពេលខាងមុខ។ 

បើតាមសេចក្តីថ្លែងដដែល មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី ដើម្បីនាំចេញកសិផលតាមសមុទ្រខ្មៅ។

រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីខែមុន ដោយពណ៌នាថា វាជា “ល្បែងផ្អៀងទៅតែម្ខាង” ហើយចង្អុលទៅការបរាជ័យរបស់បស្ចិមប្រទេស ក្នុងការបំពេញតាមតម្រូវការដ៏យូរអង្វែងរបស់រុស្ស៊ី រួមទាំងការដកទណ្ឌកម្មដែលរារាំងការនាំចេញកសិផលរបស់ខ្លួន។

ចំណែកវិមានក្រឹមឡាំងក៏បានគូសបញ្ជាក់ពីកិច្ចពិភាក្សាខាងលើនេះដែរថា លោក ពូទីន និងលោក អឺដូហ្កាន់ បានយល់ព្រមរក្សាទំនាក់ទំនងទ្វេភាគីលើគ្រប់កម្រិត រួមទាំងកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរដែលអាចកើតមានផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ