បរទេស៖ រដ្ឋមន្ត្រីសន្តិសុខរបស់អង់គ្លេស លោក ថម ធូហ្គេនហាត (Tom Tugendhat) បានជួបប្រជុំជាមួយរដ្ឋមន្ត្រីផ្នែកឌីជីថលរបស់តៃវ៉ាន់។ ជំនួបនេះបានធ្វើឱ្យអ្នកតាមដានព្រឹត្តិការណ៍នេះ លើកឡើងថា វាគឺជាកិច្ចប្រជុំមួយដែលផ្ទុយទៅនឹងគោលនយោបាយការបរទេសរបស់អង់គ្លេស និងទំនងជាបង្កឱ្យរដ្ឋាភិបាលចិនមានការខឹងសម្បារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៨ មិថុនា ២០២៣។

 កន្លងមក អង់គ្លេស មានទំនាក់ទំនងការទូតជាផ្លូវការតែជាមួយរដ្ឋាភិបាលក្រុងប៉េកាំងប៉ុណ្ណោះ ប៉ុន្តែ ខ្លួនក៏មានស្ថានទូតមួយនៅទីក្រុង តៃប៉ិ កោះតៃវ៉ាន់ផងដែរ។ យ៉ាងណាក៏ដោយ ការជួបពិភាក្សារវាងអង់គ្លេស និងសមភាគីតៃវ៉ាន់កន្លងមក អង់គ្លេសបានបញ្ជូនតែអនុរដ្ឋមន្ត្រី ឬមន្ត្រីឋានៈទាបប៉ុណ្ណោះ ពោលគឺកម្រមានកិច្ចប្រជុំណាមួយ ធ្វើឡើងដោយមានវត្តមានមន្ត្រីជាន់ខ្ពស់អង់គ្លេសនោះទេ។

 ប្រភពមួយបានឱ្យដឹងថា ជំនួបជាមួយរដ្ឋមន្ត្រី តៃវ៉ាន់ លោកស្រី អូដ្រេយ តាង (Audrey Tang) គឺជាការពិភាក្សាអំពី ផលប្រយោជន៍ សន្តិសុខ ទៅវិញទៅមក។ គួរដឹងដែរថា ប្រទេសចិនបានចាត់ទុកតៃវ៉ាន់ដែលដឹកនាំដោយរដ្ឋាភិបាលប្រជាធិបតេយ្យ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានជំទាស់យ៉ាងដាច់ខាតចំពោះការចូលជ្រៀតជ្រែកក្នុងបញ្ហានៅលើកោះមួយនេះពីភាគីបរទេស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ