ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ចាត់ទុកទឹកជា «មាស ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។
ក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ក្រោមមូលបទ «ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្ដវេនទំនាន់ក្រោយ» នាថ្ងៃ២៣ ខែមេសា ឆ្នាំ២០២២ នៅប្រទេសជប៉ុន សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជាការពិត ទឹកគឺជាធនធានដ៏មានសារសំខាន់សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណភាព ប៉ុន្តែធនធាននេះពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក, ការប្រែប្រួលអាកាសធាតុ, គ្រោះទឹកជំនន់ និងភាពរាំងស្ងួត, ការកើនឡើងនូវចំនួនប្រជាជន និងការបន្តរីកចំរើនយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹកផងដែរ។
សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «កម្ពុជា ចាត់ទុកទឹកថា មាស ស ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។ រាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឲ្យកាន់តែប្រសើរ ធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស»។
សម្ដេចតេជោ បន្ថែមថា កម្ពុជានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បី ការអភិវឌ្ឍប្រកបដោយចីរភាព»។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ដូច្នេះ អភិក្រមនៃការគ្រប់គ្រងធនធានទឹកនាពេលបច្ចុប្បន្ន នឹងកំណត់នូវគុណភាពនៃ ជីវិតរស់នៅ និងកូនចៅនាពេលអនាគត ក្នុងន័យនេះ ធនធានទឹកបានក្លាយជារបៀបវារៈមួយសំខាន់ ដែលតម្រូវឲ្យខិតខំប្រឹងប្រែងរួមគ្នា គ្រប់គ្រងឲ្យបានប្រកបដោយចីរភាព សម្រាប់បច្ចុប្បន្ន និងទៅអនាគត៕EB