វ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ក្រុងវ៉ាស៊ីនតោន កំពុងតែជំរុញឲ្យព្រឹទ្ធសភាសហរដ្ឋអាមេរិក បង្កើនល្បឿននូវការអនុម័តកញ្ចប់ជំនួយយោធាថ្មី មានតម្លៃជាង៣០ពាន់លានដុល្លារ សម្រាបជួយអ៊ុយក្រែន តាមអ្វីដែលលោកប្រធានាធិបតី ចូ បៃដិន ចាត់ទុកជាការវិនិយោគ ដោយផ្ទាល់ នៅក្នុងកិច្ចការពារលទ្ធិប្រជាធិបតេយ្យ ដើម្បីយកជ័យជម្នះលើពួកផ្ដាច់ការ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី០៤ ឧសភា ២០២២។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានហៅជំនួយយោធារបស់ក្រុងវ៉ាស៊ីនតោន សម្រាប់ប្រទេសអ៊ុយក្រែន ជាការវិនិយោគទុនដោយផ្ទាល់ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា «ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជាង២ខែកន្លងមកនេះ យើងបានបញ្ជូនជំនួយសន្ដិសុខ ជាង៣ពាន់លានដុល្លារ ជួយដល់ក្រុងគៀវ។ ចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់ទាំងនេះ គ្រាន់តែជាជំនួយរបស់សហរដ្ឋអាមេរិក តែប៉ុណ្ណោះ ដោយមិនទាន់បានគិត បូកបញ្ចូលទាំងជំនួយរបស់សម្ពន្ធមិត្តរបស់យើងនោះឡើយ»។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្ថែមថា «ជំនួយទាំងអស់នោះ ជាការវិនិយោគដោយផ្ទាល់ នៅក្នុងកិច្ចការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ តែប៉ុណ្ណោះ ព្រោះថាប្រសិនបើអ្នកមិនក្រោកឈរ ប្រឆាំងនឹងមេដឹកនាំផ្តាច់ការនោះទេ ប្រវត្តិសាស្ត្របានបង្ហាញយើងថា មេដឹកនាំផ្ដាច់ការ នឹងបន្តកាន់កាប់អំណាច ហើយមហិច្ឆតារបស់ពួកគេ ចង់បានអំណាចនៅតែបន្តកើតមានឡើង។ ទន្ទឹមគ្នានេះ កម្លាំងទាហានអ៊ុយក្រែន កំពុងតែធ្វើឲ្យយោធារុស្ស៊ី វង្វេងនៅក្នុងករណីជាច្រើន ជាមួយនឹងជំនួយយោធា ផ្ដល់ពីសហរដ្ឋអាមេរិក»។

ជាមួយគ្នានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក បានអំពាវនាវដល់ព្រឹទ្ធសភា ត្រូវបានអនុម័តនូវសំណើកញ្ចប់ជំនួយយោធាថ្មី មានទឹកប្រាក់ចំនួន៣៣ពាន់លានដុល្លារ ឲ្យបានលឿនបំផុត សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ