ជប៉ុន និងសហរដ្ឋអាមេរិក ប្ដេជ្ញារួមគ្នាជាមួយសម្ព័ន្ធមិត្ដ រំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង
តូក្យូ៖ នាយករដ្ឋមន្រ្ដីជប៉ុន និង ប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបគ្នាតាមទូរស័ព្ទ បញ្ជាក់អំពីតម្រូវការ សម្រាប់ពង្រឹងការរារាំង និង បង្កើនសមត្ថភាពឆ្លើយតបរបស់សម្ព័ពន្ធមិត្តទ្វេភាគី ប្រឆាំងនឹងក្រុងព្យុងយ៉ាង ដោយសារតែកូរ៉េខាងជើង នៅតែបន្ដបាញ់មីស៊ីលបាលិស្ទីក ជាបន្ដបន្ទាប់ ចំនួន៥គ្រាប់ ត្រឹមតែរយៈពេល១០ថ្ងៃ ហើយក្នុងនោះ មានមីស៊ីលចំនួន១គ្រាប់ បានហោះពីលើប្រទេសជប៉ុន មុននឹងវាធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Kyodo News នៅថ្ងៃ០៥ តុលា ២០២២។
បើតាមមន្រ្ដីរដ្ឋាភិបាលជប៉ុន បានឲ្យដឹង ថា លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន និង លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីរាត្រី ថ្ងៃអង្គារ បានចរចាគ្នាតាមទូរស័ព្ទរយៈពេល២៥នាទី ក្រោយពេលមីស៊ីលបាលិស្ទីក (Ballistic Missle) មួយគ្រាប់របស់កូរ៉េខាងជើង កាលពីព្រឹក ថ្ងៃដដែលនោះ បានហោះរំលងប្រជុំកោះរបស់ប្រទេសជប៉ុន ជាលើកទី១ ចាប់តាំងពីឆ្នាំ២០១៧មក។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល នៃប្រទេសសម្ពន្ធមិត្តទាំង២ បានថ្កោលទោសយ៉ាងខ្លាំង ជុំវិញសកម្មភាពបាញ់សាកល្បងមីស៊ីលជាបន្ដបន្ទាប់របស់កូរ៉េខាងជើង។ មេដឹកនាំទាំង២ប្រទេសនេះ ក៏បានចែករំលែក អំពីការទទួលស្គាល់ ថា ការបង្កហេតុជាបន្តបន្ទាប់របស់ក្រុងព្យុងយ៉ាង រួមទាំងការបាញ់មីស៊ីល ក្លាយជាបញ្ហាប្រឈមមុខយ៉ាងច្បាស់លាស់ និងធ្ងន់ធ្ងរបំផុត សម្រាប់សន្តិភាព និងស្ថិរភាព នៅក្នុងប្រទេសជប៉ុន តំបន់និងសហគមន៍អន្តរជាតិ។