កាណាដាប្តេជ្ញាថានឹងក្លាយជាប្រទេសបន្ទាប់ ដែលតម្រូវអោយហ្វេសប៊ុកបង់ថ្លៃលើមាតិកាព័ត៌មានរបស់ខ្លួន
OTTAWA៖ កាណាដាបានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងធ្វើឱ្យហ្វេសប៊ុកបង់ប្រាក់សម្រាប់មាតិកាព័ត៌មាន ដែលនេះជាការចាប់ផ្តើមសង្រ្គាមនៅក្នុងសមរភូមិប្រព័ន្ធផ្សព្វផ្សាយជាមួយក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា ហើយសន្យាថានឹងមិនចុះចាញ់ឡើយប្រសិនបើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកបិទព័ត៌មានរបស់ប្រទេសនេះដូចដែលបានធ្វើដាក់ប្រទេសអូស្ត្រាលី។
រដ្ឋមន្រ្តីកាណាដា លោក Steven Guilbeault ទទួលបន្ទុករៀបចំច្បាប់ស្រដៀងគ្នាទៅនឹងច្បាប់របស់ប្រទេសអូស្រ្តាលីនឹងត្រូវដាក់បង្ហាញនៅអំឡុងខែបន្ទាប់នេះ បានប្រឆាំងនឹងសកម្មភាពរបស់ហ្វេសប៊ុក ហើយបាននិយាយថា នឹងមិនអាចរារាំង OTTAWA បានឡើយ។ លោកបានប្រាប់អ្នកយកព័ត៌មានថា “ប្រទេសកាណាដាគឺស្ថិតនៅជួរមុខនៃសមរភូមិនេះ…យើងពិតជាស្ថិតនៅក្នុងចំណោមក្រុមដំបូងនៃបណ្តាប្រទេសនៅជុំវិញពិភពលោកដែលកំពុងធ្វើបែបនេះ” ។
លោក Guilbeault បានបន្ថែមថា ប្រទេសកាណាដាអាចប្រកាន់ខ្ជាប់នូវគំរូអូស្ត្រាលីដែលតម្រូវឱ្យហ្វេសប៊ុក និងហ្គូហ្គល (Google) ឈានដល់កិច្ចព្រមព្រៀងដើម្បីបង់ថ្លៃលើមាតិការព័ត៌មានដែលភ្ជាប់សកម្មភាពលើសេវាកម្មរបស់ពួកគេ ឬយល់ព្រមលើតម្លៃជាប់កាតព្វកិច្ចតាមរយៈអាជ្ញាកណ្តាល ។ លោកក៏បានប្រាប់អំពីជម្រើសមួយផ្សេងទៀតគឺ ត្រូវយកគំរូតាមប្រទេសបារាំង ដែលទាមទារវេទិកាបច្ចេកវិទ្យាធំៗបើកកិច្ចពិភាក្សាជាមួយអ្នកបោះពុម្ពផ្សាយ ស្វែងរកប្រាក់ឈ្នួលសម្រាប់ការប្រើប្រាស់មាតិកាព័ត៌មាន។
លោក Guilbeault នៅបញ្ជាក់ទៀតថា “យើងកំពុងធ្វើការពិនិត្យមើលថាតើម៉ូដែលមួយណាដែលសមស្របបំផុត” ។ លើសពីនេះ កាលពីសប្តាហ៍មុន លោកបានពិភាក្សារជាមួយសមភាគីខាងប្រទេសបារាំង អូស្រ្តាលី អាល្លឺម៉ង់ និងហ្វាំងឡង់អំពីការធ្វើការរួមគ្នាលើការធានាបាននូវសំណងសមរម្យសម្រាប់មាតិកាគេហទំព័រ។ “ខ្ញុំសង្ស័យថា ឆាប់ៗនេះយើងនឹងមានប្រទេស ៥, ១០, ១៥ ប្រទេសប្រើប្រាស់ច្បាប់ស្រដៀងគ្នា ... តើហ្វេសប៊ុកនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអាឡឺម៉ង់ ជាមួយបារាំងដែរឬទេ? នៅចំចំណុចណាមួយ វិធីសាស្រ្តរបស់ហ្វេសប៊ុកនឹងក្លាយជា “គ្មាននិរន្តរភាពទាំងស្រុង” ។