វ៉ាស៊ីនតោន៖ ប្រទេសវៀតណាម និងថៃ ព្រមទាំងប្រទេសមួយចំនួនទៀត ត្រូវបានដកចេញពីបញ្ជីត្រួតពិនិត្យរូបិយប័ណ្ណ ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ វិចិ្ឆកា ២០២២។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបញ្ជាក់ថា «នៅតែពេញចិត្តចំពោះវឌ្ឍនភាពដែលធ្វើឡើងដោយប្រទេសវៀតណាម ក្នុងការដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិក អំពីការអនុវត្តរូបិយប័ណ្ណរបស់ខ្លួន» ក្រសួងបានអះអាងបែបនេះ នៅក្នុងរបាយការណ៍ពាក់កណ្តាលប្រចាំឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
រតនាគារសហរដ្ឋអាមេរិកបានបញ្ជាក់បន្ថែមថា ក្រៅពីវៀតណាមនិងថៃ ប្រទេសឥណ្ឌា អ៊ីតាលី ម៉ិកស៊ិក ក៏ត្រូវបានដកចេញពីបញ្ជីនៃគោលនយោបាយប្តូរប្រាក់បរទេសរបស់អាមេរិកនេះផងដែរ។
យ៉ាងណាក៏ដោយ ប្រទេសចំនួន៧ទៀត នៅស្ថិតក្នុងបញ្ជីត្រួតពិនិត្យរូបិយប័ណ្ណរបស់អាមេរិកនេះ ដដែល ក្នុងនោះ រួមមានទាំងកូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ី ៕