ហ៊្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែល បានព្រមានថា សង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា នឹងចំណាយពេលយូរ ហើយលំបាក ខណៈដែលក្រុមហាម៉ាសបានទាមទារឱ្យដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ ជាថ្នូរនឹងចំណាប់ខ្មាំងដែលខ្លួនបានចាប់កាលពីបីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៩ តុលា ២០២៣។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានប្រាប់អ្នកសារព័ត៌មានថា នេះគឺជាដំណាក់កាលទីពីរនៃសង្រ្គាម ដែលគោលដៅរបស់វា គឺការបំផ្លាញក្រុមសកម្មប្រយុទ្ធ និងសមត្ថភាពដឹកនាំរបស់ក្រុមហាម៉ាស ហើយនាំយកចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញ។ លោក ណឺតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា សង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីបនឹងមានរយៈពេលយូរ និងលំបាក ប៉ុន្តែយើងបានត្រៀមរួចរាល់ហើយសម្រាប់រឿងនេះ។
អង្គការសហប្រជាជាតិបានព្រមានថា ជនស៊ីវិលរាប់ពាន់នាក់បន្ថែមទៀតអាចនឹងបាត់បង់ជីវិតនៅហ្គាហ្សា ខណៈដែលអ៊ីស្រាអែលបាននិយាយថា កងកម្លាំងជើងគោកនៅតែប្រតិបត្តិការនៅក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាសច្រើនជាង ២៤ម៉ោង បន្ទាប់ពីបានចូលទៅក្នុងទីនោះកាលពីថ្ងៃសុក្រសប្តាហ៍នេះ។ ទន្ទឹមគ្នា ប្រមុខកាកបាទក្រហមអន្តរជាតិបានអំពាវនាវឱ្យបញ្ចប់ការរងទុក្ខវេទនារបស់ជនស៊ីវិលនៅហ្គាហ្សា។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបញ្ចេញយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំមួយ បន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានវាយលុកឆ្លងព្រំដែនតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រមាណ ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងចាប់ចំណាប់ខ្មាំងប្រមាណ ២៣០នាក់។ ចំណែកក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងទឹកដីប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា មនុស្សច្រើនជាង ៨,០០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលពាក់កណ្តាលនៃជនរងគ្រោះ គឺជាកុមារ៕