ណៃពិដោ៖ យោធាមីយ៉ាន់ម៉ា និងសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច បានប្រកាសបទឈប់បាញ់ ក្នុងសប្តាហ៍នេះ បន្ទាប់ពីជម្លោះជាច្រើនខែ ដែលបានឆក់យកជីវិតមនុស្សរាប់រយនាក់ និងបង្កការគំរាមកំហែងដ៏ធំបំផុតដល់របបយោធា ចាប់តាំងពីខ្លួនបានកាន់កាប់អំណាចក្នុងឆ្នាំ ២០២១។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ មករា ២០២៤។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រោមការជួយសម្របសម្រួលរបស់ទីក្រុងប៉េកាំង បាននាំឱ្យមានកិច្ចប្រជុំមួយក្នុងទីក្រុងគុនមីង ភាគខាងត្បូងប្រទេសចិន។ យើងបានឈានដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់មួយ។ រីឯអ្នកតំណាងកងទ័ពរំដោះជាតិ Ta’ang (TNLA) ដែលជាសមាជិកនៃសម្ព័ន្ធភាពប្រដាប់អាវុធជនជាតិភាគតិច និយាយថា ពួកគេបានយល់ព្រមបើកច្រកពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសចិនឡើងវិញ។
ចំណែកភាគីចិនក៏បានប្រកាសពីបទឈប់បាញ់នេះផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning និយាយថា ភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់ភ្លាមៗ ដើម្បីដោះស្រាយជម្លោះ និងការទាមទារដែលពាក់ព័ន្ធ តាមរយៈការចរចាដោយសន្តិវិធី។ លោកស្រីបន្តថា កិច្ចពិភាក្សាបានធ្វើឡើងជាមួយនឹងការសម្របសម្រួល និងបង្រួបបង្រួមរបស់ភាគីចិនកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងទីក្រុងគុនមីង ខេត្តយូណាន ជាប់ព្រំដែនមីយ៉ាន់ម៉ា។
ប៉ុន្តែស្របពេលជាមួយគ្នានេះ លោកស្រី Mao មិនបានបញ្ជាក់ ថាតើបទឈប់បាញ់នេះ មានរយៈពេលប៉ុន្មានថ្ងៃ ឬគ្របដណ្តប់លើតំបន់ណាខ្លះនោះទេ។ បើតាមលោកស្រី Mao ភាគីទាំងពីរបានសន្យាថា នឹងមិនធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពអ្នកស្រុកនៅព្រំដែនចិន និងបុគ្គលិកចិនក្នុងប្រទេសមីយ៉ាន់ម៉ាទេ។ លោកស្រីថា ការរក្សានូវសន្ទុះនៃបទឈប់បាញ់ និងកិច្ចចរចាសន្តិភាពនៅភាគខាងជើងមីយ៉ាន់ម៉ា គឺស្របតាមផលប្រយោជន៍របស់ភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយក៏ជួយរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនផងដែរ៕