ក្រុមប្រដាប់អាវុធជនជាតិភាគតិចច្រានចោលការអញ្ជើញឱ្យមកចូលរួមតុចរចាសន្តិភាពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា
ណៃពិដោ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីអញ្ជើញក្រុមអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAO) មួយចំនួន លើកលែងតែក្រុមដែលត្រូវបានចាត់ទុកថា ជាភេរវករឱ្យមកចូលរួមក្នុងតុចរចាស្វែងរកសន្តិភាព នាឱកាសនៃទិវាជាតិមួយដែលនឹងមកដល់នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Irrawaddy នៅថ្ងៃទី០៩ កុម្ភៈ ២០២២។
បន្ទាប់ពីទទួលបានការអញ្ជើញពីរបបដឹកនាំយោធាទីក្រុងណៃពិដោ ខាងលើនេះ ក្រុមប្រដាប់អាវុធនៃសម្ព័ន្ធជាតិការ៉ែន (KNU) និងក្រុមប្រដាប់អាវុធជនជាតិភាគតិចផ្សេងៗទៀត ស្ថិតនៅក្នុងអង្គការ EAO បានប្រកាសបដិសេធមិនចូលរួម។ ក្រុមប្រដាប់អាវុធ KNU បានអះអាងថា ពួកគេគ្មានបំណងចូលរួមកិច្ចចរចាណាមួយ ជាមួយរដ្ឋាភិបាលយោធានោះឡើយ។
គួរកត់សម្គាល់ថា ការអំពាវនាវរបស់រដ្ឋាភិបាលយោធាខាងលើនេះ ត្រូវបានគេមើលឃើញថា គឺជាកិច្ចខិតខំប្រឹងប្រែងមួយនៃរបបយោធាមីយ៉ាន់ម៉ាដឹកនាំដោយលោក មីន អោង ឡាំង ដើម្បីគ្រប់គ្រងប្រទេសនេះឱ្យបានពេញលេញ តាមរយៈការសម្រុះសម្រួលជាមួយក្រុមប្រដាប់អាវុធធំៗ ក្រោយពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីជាង ១ឆ្នាំមុន៕