វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បានច្រានចោលការព្រមានរបស់រុស្ស៊ី ជុំវិញផែនការចោទប្រកាន់លើអ៊ុយក្រែន ក្នុងការដាក់ពង្រាយ គ្រាប់បែកវិទ្យុសកម្ម ដើម្បីធ្វើលេសបង្កើនភាពតានតឹងបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៦ តុលា ២០២២។

ប្រមុខការពារជាតិអាមេរិករូបនេះ បានថ្លែងអះអាងជាថ្មីទៅកាន់សមភាគីអ៊ុយក្រែនរបស់លោក អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលមិនផ្លាស់ប្តូរ ក្នុងការគាំទ្រសមត្ថភាពរបស់អ៊ុយក្រែន ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ បន្ថែមលើនេះ លោក អូស្ទីន ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរ ចំពោះការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។

ប្រធានមន្ទីរបញ្ចកោណរូបនេះ ក៏បានរំលឹកឡើងវិញដែរថា សហរដ្ឋអាមេរិកបដិសេធរាល់ការចោទប្រកាន់ជាសាធារណៈ និងការចោទប្រកាន់មិនពិតដោយរុស្ស៊ីអំពីអ៊ុយក្រែន ដោយលោកបានពណ៌នាការចោទប្រកាន់នេះថា ជាលេសបង្កើនភាពតានតឹងបន្ថែមទៀតរបស់រុស្ស៊ី នៅក្នុងសង្គ្រាមខុសច្បាប់ និងអយុត្តិធម៌របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនប៉ុណ្ណោះ។

គួរបញ្ជាក់ថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្គូវ បានព្រមានថា ការគំរាមកំហែងពីអ៊ុយក្រែន គឺជាក់ស្តែង ដោយបន្ថែមថា ការមិនជឿរបស់លោកខាងលិច មិនមែនមានន័យថា ការគំរាមកំហែងនេះ ឈប់កើតមាននោះទេ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ