តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ជាថ្មីថា ខ្លួនមិនបានផ្តល់អាវុធដល់រុស្ស៊ី រួមទាំងយន្តហោះដ្រូន ដើម្បីប្រើវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី១៨ តុលា ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយថា អ៊ីរ៉ង់សូមប្រើពេលវេលានេះប្រកាសម្តងទៀតថា ខ្លួនមិនបានឈរនៅខាងភាគីរុស្ស៊ី ឬអ៊ុយក្រែននោះទេ និងថា អ៊ីរ៉ង់ក៏មិនបានផ្តល់អាវុធដល់ភាគីជម្លោះណាមួយដែរ។ 

ទន្ទឹមគ្នា លោក Kanaani បានហៅការចោទប្រកាន់នេះថា ជា “ការនិយាយបោកបញ្ឆោតបែបនយោបាយដ៏អាក្រក់” ដែលធ្វើឱ្យប្រទេសមួយកំពុងរងការចោទប្រកាន់ថា បានបញ្ជូនអាវុធទៅភាគីម្ខាងក្នុងសង្រ្គាម ក្នុងនោះមានទាំងសព្វាវុធ និងឧបករណ៍យោធាមានតម្លៃរាប់ពាន់លានដុល្លារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះបានធ្វើការចោទសួរ ថាតើប្រទេសលោកខាងលិចកំពុងព្យាយាមធ្វើអ្វី ជាមួយការដឹកជញ្ជូនអាវុធដ៏ធំរបស់ពួកគេ ប្រសិនបើពួកគេគាំទ្រសន្តិភាព និងដំណោះស្រាយនយោបាយនៅអ៊ុយក្រែន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ