វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបន្តការអំពាវនាវរបស់លោកឲ្យហាមប្រាមការប្រើប្រាស់អាវុធវាយប្រហារ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក បៃដិន បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ទីតាំងក្រុមពន្លត់អគ្គិភ័យនៅទីក្រុង Nantucket រដ្ឋ Massachusetts ថា ខ្ញុំនឹងព្យាយាមកម្ចាត់អាវុធវាយប្រហារ។ ការលើកឡើងបែបនេះរបស់លោក បៃដិន បានកើតឡើងបន្ទាប់ពីការបាញ់ប្រហារដ៏សាហាវចំនួនពីរលើកក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

នៅក្នុងការបាញ់ប្រហារនៅក្លឹបរាត្រី Colorado Springs កាលពីចុងសប្តាហ៍ ខ្មាន់កាំភ្លើងម្នាក់បានកាន់កាំភ្លើងប្រភេទ AR-15 ដោយបានបាញ់សម្លាប់មនុស្ស ៥នាក់ និងរបួស ១៩នាក់ផ្សេងទៀត។ លោក បៃដិន បាននិយាយថា ខ្ញុំឈឺចាប់ និងធុញទ្រាន់ជាមួយការបាញ់ប្រហារទាំងនេះ។ យើងគួរតែមានច្បាប់កាន់តែតឹងរ៉ឹងជាងនេះ។

គិតមកដល់ឆ្នាំនេះ សហរដ្ឋអាមេរិកបានរងការបាញ់ប្រហារទ្រង់ទ្រាយធំជាង៦០០លើក។ ចំណែកកាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានមើលឃើញពីការបាញ់ប្រហារដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ៦៩០លើក ដែលកើនឡើងពី ៦១០លើកក្នុងឆ្នាំ ២០២០ និង ៤១៧លើកក្នុងឆ្នាំ ២០១៩៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ