តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉លធឺ ស្តែនម៊ែរ បានព្រមព្រៀងគ្នាលើតម្រូវការរក្សាទណ្ឌកម្មលើរុស្ស៊ី ក៏ដូចជាផ្តល់ការគាំទ្រដល់អ៊ុយក្រែន។ មេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុងតូក្យូ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់លោក ស្តែនម៊ែរ នៅប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី០២ វិច្ឆិកា ២០២២។

នាឱកាសនោះដែរ មេដឹកនាំទាំងពីរបានចែករំលែកក្តីកង្វល់របស់ពួកគាត់ អំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងជម្លោះនេះ។ ជាមួយគ្នានេះ លោក គីស៊ីដា និងលោក ស្តែនម៊ែរ បានយល់ព្រមបន្តដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី ក៏ដូចជាគាំទ្រដល់អ៊ុយក្រែន ដើម្បីសម្រេចបាននូវការបញ្ចប់សង្គ្រាមឈ្លានពាន អោយបានឆាប់តាមដែលធ្វើទៅបាន។ 

មេដឹកនាំទាំងពីរក៏បានយល់ស្របលើការទទួលស្គាល់ថា សន្តិសុខនៅអឺរ៉ុប និងនៅអាស៊ី គឺមិនអាចបំបែកចេញពីគ្នាបានឡើយ ដោយពួកលោកបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ខណៈចិនកំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅទីនោះ។

ចុងបញ្ចប់នៃជំនួបពិភាក្សាខាងលើនេះ លោក គីស៊ីដា និងលោក ស្តែនម៊ែរ ក៏បានបញ្ជាក់ផងដែរថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីដឹកនាំក្រុមប្រទេស G7 ដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍អន្តរជាតិ ខណៈដែលអាល្លឺម៉ង់ គឺជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G7 នៅឆ្នាំនេះ ហើយជប៉ុននឹងក្លាយជាម្ចាស់ផ្ទះបន្ទាប់នៅឆ្នាំក្រោយ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ