គ្រឿងក្នុងជ្រូកខូចគុណភាពជិត ៤តោននាំចូលពីថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត!
បន្ទាយមានជ័យ៖ ស្ថាប័នគយ និងក្រុមអន្តរាគមន៍ការិយាល័យច្រកព្រំដែន ដកហូតបាន ឆ្អឹងជំនីរ អណ្តាត សាច់ ស្លឹកត្រចៀក បេះដូង ពោះវៀនតូច ពោះវៀនធំ ច្រមុះ ក្រលៀនចំនួន ៦០កេស ស្មើនឹង ៣.៦០០ គីឡូក្រាម (ក្នុង១កេស ស្មើនឹង៦០ គីឡូក្រាម)។ ប្រតិបត្តិការនោះបានធ្វើឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅខាងមុខស្នាក់ការគយ និងរដ្ឋាករ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីត្រួតពិនិត្យជាក់ស្តែងរួចមក ឃើញថា ផលិតផលទាំងនោះបានប្រែប្រួលសភាពដើម មានក្លិនស្អុយ (រលាយទឹកកកអស់) ហើយសមត្ថកិច្ចជំនាញក៏បានឯកភាពគ្នាធ្វើការដុតកម្ទេចចោលតាមវិធានការបសុពេទ្យ នៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយយោងតាមសារាចរលេខ ០៧ សរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា ការនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាពពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ គេបានសង្កេតឃើញមានជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃៗរាប់តោន ពេលខ្លះមានច្បាប់នាំចូល និងខ្លះទៀតមិនមានច្បាប់នោះទេ បានលួចបង្កប់ជាមួយឡានដឹកត្រី និងឡានដឹកចំណីក្រពើ និងទំនិញផ្សេងៗជាដើម។
ទន្ទឹមនឹងការលួចនាំចូលដោយខុសច្បាប់នោះ គឺការវិចខ្ចប់មិនត្រឹមត្រូវតាមស្ដង់ដារនោះទេ ជាហេតុធ្វើឱ្យសាច់ឬគ្រឿងក្នុងជ្រូកទាំងនោះមិនអនាម័យ និងងាយខូចគុណភាព ៕