វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកព្រមានថា ខ្លួននឹងធ្វើការសងសឹក វិញដោយវិធានការមិនបង្កហេតុ បន្ទាប់ពី រដ្ឋាភិបាលរុស្ស៊ីបានបណ្តេញមន្ត្រីទូតអាមេរិកឋានៈខ្ពស់បំផុតទីពីរ ចេញពីស្ថានទូតអាមេរិកប្រចាំរដ្ឋធានីម៉ូស្គូ ចំពេលមានការគំរាមកំហែងខ្ពស់ ជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃទី១៨ កុម្ភៈ ២០២២។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា លោក Bart Gorman ដែលជាអនុប្រធានបេសកកម្មរបស់ អាមេរិកប្រចាំនៅរុស្ស៊ី ត្រូវបានបង្ខំឱ្យចាកចេញពីទីក្រុងម៉ូស្គូ ជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា “ការបណ្តេញចេញដោយមិន សមហេតុផល”របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីដោយទីក្រុងវ៉ាស៊ីនតោន ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានបញ្ចេញ “សង្គ្រាមទិដ្ឋាការ” ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តបញ្ជូនលោក Gorman ត្រឡប់ ទៅផ្ទះវិញនេះ ត្រូវបានធ្វើឡើងជាការឆ្លើយតបយ៉ាងតឹងរ៉ឹង ចំពោះការបណ្តេញចេញដោយមិនសមហេតុផលរបស់រដ្ឋមន្ត្រី-ទីប្រឹក្សានៅស្ថានទូតរបស់ខ្លួនប្រចាំសហរដ្ឋអាមេរិក បើទោះបីជាមានការស្នើសុំពីរុស្សីឱ្យអនុញ្ញាតឱ្យមន្ត្រីរូបនេះ បន្តស្នាក់នៅរហូតដល់អ្នកជំនួសមកដល់ក៏ដោយ៕