វ៉ាស៊ីនតោន៖ នេះជាលើកដំបូងហើយ ដែលបុគ្គលិកយោធាអាមេរិកត្រូវសម្លាប់ដោយភ្លើងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចាប់ផ្តើម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ មករា ២០២៤។

ការវាយប្រហារដោយយន្តហោះដ្រូនលើមូលដ្ឋានទ័ពមួយកន្លែងក្នុងប្រទេសហ្ស៊កដានី បានសម្លាប់ទាហានអាមេរិក ៣នាក់ នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចោទលើក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ហើយប្តេជ្ញាថា នឹងសងសឹកវិញ។ ការវាយប្រហារនេះ នឹងបង្កើនភាពតានតឹងក្នុងតំបន់ ក៏ដូចជាជំរុញឱ្យមានការភ័យខ្លាច ជម្លោះកាន់តែរីកធំ រហូតអូសទាញអ៊ីរ៉ង់ជាប់ពាក់ព័ន្ធដោយផ្ទាល់។

លោក បៃដិន បាននិយាយនៅពេលធ្វើដំណើរទៅកាន់រដ្ឋ South Carolina ថា ទោះបីជាយើងកំពុងស៊ើបអង្កេតស្វែងរកការពិតក៏ដោយ តែយើងដឹងថា ការវាយប្រហារនេះ ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់គាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងធ្វើប្រតិបត្តិការនៅស៊ីរី និងអ៊ីរ៉ាក់។ ដូច្នេះយើងនឹងចាត់វិធានការសងសឹកវិញ។ បើតាមការបញ្ជាក់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ក្រៅពីបុគ្គលិកយោធាអាមេរិកស្លាប់ ក៏មានកងទ័ព ២៥នាក់ផ្សេងទៀតរងរបួសផងដែរ។

គួរបញ្ជាក់ថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ាកាន់តែឡើងកម្តៅ បង្កជាបញ្ហាប្រឈមដល់លោក បៃដិន ក្នុងអំឡុងការបោះឆ្នោតនៅឆ្នាំនេះ។ ជាក់ស្តែង អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋជាច្រើន កំពុងប្រើប្រាស់ការវាយប្រហារចុងក្រោយនេះ ដើម្បីស្វែងរកផលចំណេញផ្នែកនយោបាយ រួមទាំងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិយាយថា រឿងនេះបង្ហាញពីភាពខ្សោយរបស់លោក ចូ បៃដិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ