ក្រុមហ៊ូទីប្តេជ្ញាសងសឹកអាមេរិក និងអង់គ្លេសវិញ ក្រោយពីវាយប្រហារតាមផ្លូវអាកាស សរុបចំនួន ៣៦គោលដៅ ក្នុងប្រទេសយេម៉ែន
សាណា៖ ក្រុមហ៊ូទីនៅយេម៉ែន និយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក-អង់គ្លេស នឹងមិនអាចរារាំងពួកគេបានឡើយ ហើយបានប្តេជ្ញាសងសឹកវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០៥ កុម្ភ: ២០២៣។
អ្នកនាំពាក្យយោធានៃក្រុមហ៊ូទី លោក Yahya Saree និយាយថា រដ្ឋធានីសាណា ប្រទេសយេម៉ែន និងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមផ្សេងទៀតបានក្លាយជាគោលដៅវាយប្រហាររបស់អាមេរិក និងអង់គ្លេស។
លោក Saree បានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសសរុបចំនួន ៤៨លើក ហើយបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារទាំងនេះ នឹងមិនអាចរារាំងពួកគេ ពីការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបានឡើយ។ អ្នកនាំពាក្យក្រុមហ៊ូទីរូបនេះ បានសង្កត់ធ្ងន់ថា ការវាយប្រហារចុងក្រោយនេះ នឹងមិនអាចគេចផុតពីការសងសឹក និងការដាក់ទោសវិញនោះទេ។
ការព្រមានរបស់ក្រុមហ៊ូទីខាងលើនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និង អង់គ្លេស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបន្តការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅក្រុមហ៊ូទីសរុបចំនួន ៣៦គោលដៅនៅប្រទេសយេម៉ែន។
យ៉ាងណាមិញ ស្ថានការណ៍វិវត្តន៍ទាំងនេះ គឺជាសញ្ញាថ្មីចុងក្រោយ នៃការីករាលដាលជម្លោះនៅមជ្ឈិមបូព៌ា គិតចាប់តាំងពីការផ្ទុះឡើងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕